សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះកា​រ​ប្រកួត​របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។

យោងតាមការបញ្ជាក់ពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៤  បានឱ្យដឹងថា “ដោយទទួល​បាននូវ​ការ​អញ្ជើញ​ឱ្យ​ធ្វើ​ជា​គ្រូបង្វឹកកិត្តិយស របស់ក្រុមបាល់ទាត់តារា​កម្ពុជា(Cambodia football super stars)ដែលមានលោកខេម ជាប្រធានក្រុម ព្រឹកនេះខ្ញុំបា​នជួបសំណេះ​សំណាល​ជាមួយ​គ្រូបង្វឹក និង​កីឡាករ​ទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិង​រយៈ​ពេលវែង​របស់ក្រុមបាល់ទាត់មួយនេះ។

អ្វីដែល​ជាកិច្ច​ការបន្ទាន់​គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ ខាងមុខនៅពហុកីឡដ្ឋាន​អូឡាំ​ពិក​ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍​និងប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន)និង​ដើម្បីប្រម៉ូល​ថវិកាជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា”។

សម្តេចតេជោបានបន្តថា សម្តេចនឹង​ចូលរួមដឹក​នាំការប្រកួត​ជាមួយគ្រូបង្វឹក​ផ្លូវការនៅស្តាត​អូឡាំពិកនា​ល្ងាចថ្ងៃ១ឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់សម្តេចគឺ3.4.3។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សាធារណជនសូមចូល​រួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញ​ចលនា​មនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវសប្បុរសជនចូលរួមជួយ ថវិកាសម្រាប់​ជួយដល់​មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

នៅក្នុងនោះដែរ សម្រាប់​សម្តេចតេជោ ហ៊ុន សែន ​និងភរិយា ផ្ទាល់បានចូលរួមចំនួនទឹកប្រាក់ចំនួន ២០០លានរៀល៕

Share.