—–

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង 21.00នាទី ថ្ងៃទី14 ខែមិថុនា ឆ្នាំ 2021 ឃ្លាំងស្តុកខោអាវគីប កម្រាលព្រំ កន្ទេល របស់អាជីវករខ្មែរនៅផ្សារ(ផៃលីន)ផ្សារ៉ុងក្លឿ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ដែលស្ថិតនៅទល់មុខផ្សារBig-C នៅក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

សមត្ថកិច្ចថៃបានឲ្យដឹងថា ឃ្លាំងដែលឆេះនេះ ជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កម្រាលព្រំ កន្ទេលធំ និងខោអាវគីប គឺឃ្លាំង K-72 និង K73។ សមត្ថកិច្ចថៃបញ្ជាក់ដោយយោងតាមអ្នកយាមឃ្លាំងថា មុនកើតហេតុ មានការឆ្លងចរន្តអគ្គិសនីពីលើដំបូងឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គិភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។

សមត្ថិច្ចថៃនៅមិនទាន់អាចសន្និដ្ឋានបានទេ ថា អគ្គីភ័យនេះឆាបឆេះ ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិន។

តាមពលរដ្ឋខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់ សន្និដ្ឋានថា ទាំងសំបកឃ្លាំង និងសម្ភារៈដែលបានបំផ្លាញដោយអគ្គីភ័យនេះ អស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង៥.000.000បាត (ប្រាំលានបាត)នោះទេ៕

អត្ថបទ៖ប៉ោយប៉ែត

Share.