កម្មវិធីទូរស័ព្ទ និង គេហទំព័រប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រែជាពណ៌កាន់ទុក្ខ (ស-ខ្មៅ) ទង់ជាតិនៅលើអគាររដ្ឋាភិបាលមួយចំនួន ក្នុងទីក្រុង ប៉េកាំង ត្រូវបង្ហូតមកត្រឹមពាក់កណ្ដាលដង ហើយប្រទេសចិនបានប្រកាសកាន់ទុក្ខចំពោះអតីតប្រធានាធិបតីចិន លោក Jiang Zemin នាថ្ងៃទី ០១ ខែ ធ្នូ នេះ បន្ទាប់ពីលោក Zemin ទទួលមរណភាពនៅអាយុ ៩៦ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាព ដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយការខូចសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុង សៀងហៃ កាលពីវេលាម៉ោង ១២:១៣នាទីថ្ងៃត្រង់ ថ្ងៃ ពុធ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា គណៈកម្មាធិការបុណ្យសពរបស់លោក Jiang Zemin ត្រូវបានដឹកនាំដោយប្រធានាធិបតីចិន Xi Jinping។ ពិធីបុណ្យសពរបស់អតីតមេដឹកនាំរូបនេះ នឹងចាប់ផ្ដើម ប៉ុន្ដែមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទនោះទេ ដោយរំពឹងថា ពិធីបុណ្យសពនឹងប្រារព្ធធ្វើនៅទីក្រុង ប៉េកាំង ខណៈប្រទេសចិន បានប្រកាសពីយុទ្ធនាការ «សូន្យកូវីដ»។

អ្នកយកព័ត៌មាន AFP បានបញ្ជាក់ថា ផ្កាពណ៌ស ត្រូវបានដាក់នៅស្រុកកំណើតរបស់លោក Zemin គឺនៅ Yangzhou ក្បែរទីក្រុង Shanghai ជាតំបន់ដែលលោក Zemin សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមជម្រាបថា លោក Jiang Zemin បានឡើងកាន់តំណែងជាប្រធានាធិបតីនៃប្រទេសចិន ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣ ហើយរហូតដល់ខែ មីនា ឆ្នាំ ២០០៥ លោក Zemin បានចូលនិវត្តន៍ជាផ្លូវការ បន្ទាប់ពីប្រកាសលាលែងពីតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្ដចិន និង ជាប្រមុខយោធាចិននៅឆ្នាំ ២០០៤។ មិនតែប៉ុណ្ណោះ លោក Zemin ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំម្នាក់ដែលបានចូលរួមចំណែកនាំចិន ចូលទៅកាន់ទីផ្សារពិភពលោក ដោយសារតែកាលពីឆ្នាំ ១៩៨៩ ប្រទេសចិន គឺ កំពុងស្ថិតនៅដំណាក់កាលដំបូងៗនៃការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ៕

ប្រភព៖ CNA

Share.