ភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកក្បាល ខណៈដែលកំពុងបើករុឺម៉កម៉ូតូដឹកផ្លែឈើ ស្រាប់តែមានជនសង្ស័យគ្នា២ នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង តាមពីក្រោយ ហើយធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយ មិនបានសម្រេច តែក្រឡាប់រុឺម៉ក រងរបួស កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ តាមផ្លូវបេតុង មុខបូរីជ័យជំនះ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ លក់ផ្លែឈើតាមម៉ូតូរុឺម៉ក ស្នាក់នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បើកម៉ូតូរុឺម៉កដឹកផ្លែឈើ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ តាមពីក្រោយ ធ្វើសកម្មភាពឆក់ទាញកាបូបស្ពាយ តែមិនបានសម្រេច ដួលក្រឡាប់រុឺម៉ក សង្កត់លើ បណ្តាលឲ្យរងរបួសបែកក្បាល ចំណែកជនសង្ស័យ ក្រោយឆក់កាបូបមិនបានសម្រេច បន្ថែមល្បឿនបើករត់គេចទៅបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសាកសួរនាំ តែដោយសារជនរងគ្រោះពុំមានបាត់បង់ទ្រព្យសម្បត្តិ សមត្ថកិច្ចប្រាប់ឲ្យជនរងគ្រោះទៅពេទ្យលាងរបួស ដោយពុំចាំបាច់ដាក់ពាក្យបណ្តឹង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.