ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC (JDT) បានប្រកាសអំពីការផ្ទេរខ្សែប្រយុទ្ធ Safawi Rasid សមាជិក​ជម្រើស​ជាតិ​ម៉ាឡេស៊ី ទៅកាន់ក្លិប Ratchaburi សមាជិកលីគកំពូលថៃ Thai League 1 ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល។

ដូច្នេះខ្សែប្រយុទ្ធរបស់ក្លិប Johor Darul Ta’zim FC រូបនេះ នឹង​ក្លាយ​ជា​កីឡាករ​កូតា​អាស៊ាន​ទី​៣​របស់ក្លិបបាល់ទាត់ Ratchaburi សមាជិកលីគកំពូលថៃ បន្ទាប់​ពី​កីឡាករ​មីយ៉ាន់ម៉ា Myo Min Latt និង Hein Phyo Win។

គួរដឹងថា Safawi Rasid កើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៩៧ នៅរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី បច្ចុប្បន្នមានវ័យ២៧ឆ្នាំ កម្ពស់ ១.៧៣ម៉ែត្រ ជាថ្នាលយុវជនរបស់ក្លិប Terengganu F.C. II នៅឆ្នាំ២០១៤ មុនផ្ទេរទៅកាន់ Johor Darul Ta’zim FC នៅឆ្នាំ២០១៧។

រយ:ពេល៥ឆ្នាំនៅទីនោះ Safawi Rasid បង្ហាញខ្លួនសរុប៨៦លើក ស៊ុតបញ្ចូលទី២៧គ្រាប់ ចំណែកឯក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ី រូបគេធ្លាប់ជាប់តាំងពីឈុត U18, U23 ខណ:ឈុតធំជាប់នៅឆ្នាំ២០១៦ បង្ហាញខ្លួនលើទីលាន ៤៤ប្រកួត ស៊ុតបាន១៨គ្រាប់។ នៅ​រដូវកាល​ឆ្នាំ ​២០២០-២០២១ កន្លង​ទៅ​រូប​គេ​ត្រូវ​បាន​ក្លិប Portimonense S.C សមាជិក​លីគ​កំពូល​ប្រទេស​ព័រទុយហ្គាល់ ខ្ចី​ជើង​ពី​ក្រុម JDT ផង​ដែរ។

គួរដឹងថាក្លិប​បាល់ទាត់ Jorhor Darul Ta’zim របស់​ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បាន​គ្រង​តំណែង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ចំនួន៩ឆ្នាំ​ជាប់ៗគ្នា​ហើយ គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​ម៉្លេះ។

ក្លិប​ដែល​​មាន​កីឡដ្ឋាន​ជាប់​ឈ្មោះ​ជា​កីឡដ្ឋាន​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០២០ មួយ​នេះ​​បាន​ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី នៅ​រដូវកាល​២០០៥-២០០៦ ហើយ​​ឈ្នះ​ជើង​ឯក​ជាប់ៗគ្នា​គឺ​នៅឆ្នាំ​២០១៤,២០១៥,២០១៦,២០១៧,២០១៨,​២០១៩,២០២០,​២០២១ និង២០២២ នេះ៕

Share.