ក្រៅ​ពី​ទស្សនា​ការ​ប្រកួត​​ផ្សាយ​ផ្ទាល់​នៅ​តាម​កញ្ចក​ទូរទស្សន៍​​កងយោធពលខេមរភូមិន្ទ លើ​បណ្តាញ​សង្គម​របស់​សារព័ត៌មាន​ត្រយង, AMS Sport, CPL, LSH Journal រាប់​លាន​នាក់ ក៏​មាន​ទស្សនិកជន​ជន​អញ្ជើញ​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​ផ្ទាល់​តាម​ទីលាន​នានា ដែល​ក្លិប​បាល់ទាត់​ជា​សមាជិក​ទាំង​៨​នៃ​ពានរង្វាន់ Cambodian Premier League 2022 ទទួល​រៀបចំ​រហូត​ដល់​ទៅ​១១០៣៤៣​នាក់។

សម្រាប់​ការ​ប្រកួត​ដែល​មាន​ទស្សនិកជន​ចូល​ទស្សនា​ច្រើន​ជាង​គេ​គឺ ក្នុង​ជំនួប​សប្ដាហ៍​ទី១១ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២២ រវាង​ក្រុម​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ ទទួល​ក្រុម​បឹងកេត លើ​ទីលាន​កីឡដ្ឋាន​ហនុមាន ក្នុង​ខេត្ត​សៀមរាប ដែល​មាន​សរុប​រហូត​ដល់​៤៨៥៧​នាក់។

ចំណែក​ការ​ប្រកួត​ក្នុង​តំបន់ Top4 ដែល​មាន​ទស្សនិកជន​ចូល​ទស្សនា​ច្រើន​ជាង​គេ​គឺ​នៅ​សប្ដាហ៍​ទី​២៦ ក្នុង​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រវាង​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា ទទួល​ក្រុម​ភ្នំពេញក្រោន លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ ដែល​មាន​ចំនួន​សរុប​៤៥៦៧​នាក់។

ដោយ​ឡែក​ក្នុង​ចំណោម​៩៤​ប្រកួត​មក​នេះ មាន​ការ​ប្រកួត​ចំនួន២​ ត្រូវ​ក្រុមហ៊ុន Cambodian Premier League ពិន័យ​ម្ចាស់​ផ្ទះ​​​អោយ​ប្រកួត​បិទទ្វារ​ ក្នុង​នោះ​ប្រកួត​សប្ដាហ៍​ទី៦ រវាង​​ម្ចាស់​​ផ្ទះ​ Tiffy Army FC ទទួល​ក្រុម​វិសាខា ក្នុង​សប្ដាហ៍​ទី​៦ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេរភូមិន្ទ និង​​ប្រកួត​សប្ដាហ៍​ទី១៥ ពេល​ក្រុម​អង្គរថាយហ្គឺរ ទទួល​ក្រុម​វិសាខា លើ​ទីលាន​កីឡដ្ឋាន​ហនុមាន៕

Share.