អ្នកស្រុករាប់ពាន់នាក់នៅកោះជ្វា ភាគខាងកើតប្រទេស ឥណ្ឌូនេស៊ី បានប្រកាសអាសន្នកម្រិតខ្ពស់នាថ្ងៃ ច័ន្ទ សប្ដាហ៍នេះ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លានៅតំបន់ភ្នំភ្លើងរបស់កោះនេះ ដោយបានជំរុញឲ្យអាជ្ញាធរដាក់តំបន់នេះ ជាតំបន់ហាមឃាត់ចម្ងាយ ៨គីឡូម៉ែត្រ រួមទាំងបង្ខំឲ្យជម្លៀសអ្នកភូមិទាំងអស់ទៅកន្លែងសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២។

លោក Tholib Vatelehan អ្នកនាំពាក្យទីភ្នាក់ងារស្វែងរក និងជួយសង្រ្គោះខេត្ត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា បានដាក់ពង្រាយក្រុមទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅជិតភ្នំ Semeru ដើម្បីវាយតម្លៃការខូចខាត។

លោកបន្ដថា «កាលពីថ្ងៃ អាទិត្យ កម្រិតទឹកភ្លៀងបានឡើងខ្ពស់ធ្វើឲ្យបំណែក និង កម្អែភ្នំទាំងអស់ពីលើកំពូលភ្នំធ្លាក់ចុះមកក្រោម ប៉ុន្តែរហូតមកដល់ថ្ងៃច័ន្ទនេះ មិនទាន់មានភ្លៀងធ្លាក់នៅឡើយទេ»។

យ៉ាងណាម៉ិញ រហូតមកដល់ពេលរសៀលថ្ងៃ ច័ន្ទ ពុំទាន់មានសេចក្ដីរាយការណ៍អំពីមនុស្សរងរបួស និង ស្លាប់ ដោយសារបន្ទុះភ្នំភ្លើងឈ្មោះ Semeru ដែលកើតឡើងកាលពីវេលាម៉ោងជិត ៣យប់រំលងអធ្រាតនេះនៅឡើយទេ។

យោងតាមរូបភាពឯកសារដែលថតបានដោយអ្នកស្រុក បានបង្ហាញថា ភ្នំភ្លើង Semeru បានបញ្ចេញពពកពណ៌ប្រផេះដ៏ធំសម្បើមនៅលើមេឃ ហើយក្រោយមកបានផ្ទុះឡើងភ្លាមៗ ដោយបំផ្លាញវាលស្រែ ផ្លូវថ្នល់ និង ស្ពាន នៅក្បែរនោះ ហើយមេឃបានប្រែជាពណ៌ខ្មៅមើលអ្វីមិនឃើញ។

អាជ្ញាធរបាននិយាយថា ប្រជាជនជិត ២៥,០០នាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែង ដែលស្ថិតនៅក្បែរតំបន់កើតហេតុទៅកាន់ មជ្ឈមណ្ឌលជ្រកកោនសុវត្ថិភាពចំនួន ១១កន្លែង ហើយអាជ្ញាធរក៏មានចែកម៉ាសការពារដល់ប្រជាជនផងដែរ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ រុករក និង ជម្លៀសកំពុងតែបន្ដប្រព្រឹត្តទៅ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្ដរាយនៃភ្នំភ្លើង និង ភូគព្ភសាស្រ្ត របស់ប្រទេស ឥណ្ឌូនេស៊ី ​​​កាលពីថ្ងៃ អាទិត្យ បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Semeru ដល់កម្រិតខ្ពស់បំផុត ហើយក៏បានព្រមានដល់ប្រជាពលរដ្ឋកុំឲ្យចូលទៅជិតតំបន់គ្រោះថ្នាក់ក្នុងចម្ងាយ ៨គីឡូម៉ែត្រ ពីកំពូលភ្នំ ឬ ៥០០ម៉ែត្រ ពីមាត់ទន្លេ ដោយសារហានិភ័យនៃលំហូរកម្អែភ្នំភ្លើង។

សូមជម្រាបថា ភ្នំភ្លើង Semeru ដែលជាភ្នំភ្លើងខ្ពស់បំផុតប្រចាំកោះជ្វានេះ ធ្លាប់បានផ្ទុះឡើងកាលពីឆ្នាំ ២០២១ ដោយបានផ្ដាច់ជីវិតមនុស្សជាង ៥០នាក់ ហើយបង្កឲ្យមនុស្សរាប់ពាន់នាក់ ត្រូវចាកចេញពីលំនៅស្ថាន៕

ប្រភព៖ CNA

Share.