សិល្បៈជាតិ៖ កញ្ញា ហង្ស សុរិយ៉ាន់ បានលើកឡើងថា មុនសម្រេចចិត្តប្រកួត Miss Grand Cambodia កញ្ញាធ្លាប់រងការបំបាក់ទឹកចិត្តពីមនុស្សដែលកញ្ញាទុកចិត្តខ្លាំងបំផុតដល់ទៅ ២ដងផ្ទួនៗ ក៏ប៉ុន្តែកញ្ញាជំនះចូលប្រកួតឱ្យទាល់តែបាន ដើម្បីបង្ហាញភាពជោគជ័យកញ្ញាប្រឹងប្រែង។

កញ្ញា ហង្ស សុរិយ៉ាន់ បានផ្ដល់បទសម្ភាសន៍ជាមួយកម្មវិធី VTalk ដោយបានជីកកាយរឿងរ៉ាវជុំវិញការប្រកួត Miss Grand Cambodia។ មែនទែនទៅ កញ្ញា ហង្ស សុរិយ៉ាន់ បានឆ្លងកាត់ការប្រកួតវេទិកាបវរកញ្ញដល់ទៅ ៤លើក មានដូចជា កម្មវិធី Cambodian Super Model នៅឆ្នាំ ២០១៦ កម្មវិធី Miss Global នៅឆ្នាំ២០១៨ កម្មវិធី Miss Universe Cambodia 2022 និងកម្មវិធី Miss Grand Cambodia 2022 ។

ក្រោយបញ្ចប់ការប្រកួត Miss Universe Cambodia 2022 ភ្លាមៗ សុរិយ៉ាន់ សម្រេចចិត្តចូលប្រកួត Miss Grand Cambodia 2022 ទៅពេលនោះកញ្ញាបានសួរទៅកាន់មនុស្សដែលកញ្ញាទុកចិត្តបំផុត និងអ្នកទីប្រឹក្សាយល់ឱ្យកញ្ញារហូតមក។ ចម្លើយរបស់ពួកគេបានបំបាក់ទឹកចិត្តរបស់ សុរិយ៉ាន់ ដោយសួរទៅកញ្ញាវិញថា ៖ «ភាសាអ្ហែងកម្រិតហ្នឹងចូលរួមប្រកួតបានដែរ?» «បើចូលប្រកួតទៀតដឹងតែធ្លាក់ទៀតហើយ?»។ ពាក្យទាំងអស់នេះបានក្លាយជាកម្លាំងចិត្តយ៉ាងធំធេញជំរុញឱ្យ សុរិយ៉ាន់ បោះជំហានប្រកួត ហើយទទួលបានជយលាភីតំណែងជាលំដាប់រងទី ១ និងទទួលបានឱកាសតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Earth International នៅប្រទេសហ្វីនលីពីន។

យ៉ាងណាមិញ កញ្ញា ហង្ស សុរិយ៉ាន់ បានបោះបង់ឱកាសទៅប្រកួតនៅក្នុងកម្មវិធី Miss Earth International ខណៈមានហ្វេនជាច្រើនកំពុងចាំផ្លូវកញ្ញា។ កញ្ញាបានបញ្ជាក់មូលហេតុថា ដោយសារកត្តាជាច្រើនដូចជា កម្មវិធី Miss Earth មានការតម្រូវច្រើន Sponsor ជួយតិច កត្តាគ្រួសារ សុខភាព និងខ្វះថវិការដើម្បីបន្តដំណើរប្រកួតផងដែរ។

បវរកញ្ញារូបនេះពិតជាសោកស្ដាយខ្លាំងមែនទែនដែលបាត់បង់ឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិ ក៏ប៉ុន្តែកញ្ញាបានសន្យាជាមួយអ្នកគាំទ្រថា ខ្លួននឹងចូលរួមប្រកួតលើវិស័យបវរកញ្ញាក្នុងកម្មវិធីផ្សេងទៀតនៅពេលឆាប់ៗខាងមុខនេះ។ ទោះធ្លាប់ជួបរឿងបាក់ទឹកចិត្ត និងឧបសគ្គច្រើនយ៉ាងណាក៏ដោយ សុរិយ៉ាន់ បានប្ដេជ្ញាចិត្តថា នឹងរក្សាឈ្មោះជាបវរកញ្ញាជារៀងរហូត។

Share.