សិល្បៈ​ជាតិ​៖ លោក លៀក លីដា ធ្លាប់​បាន​ប្រកាសជាសាធារណៈ​ម្ដង​ហើយ​ពី​គោលំហរ​មិន​ប្ដូរ​ចំណង​ជើង​រឿង​ បើ​ទោះ​ជា​ក្រុមហ៊ុន​បរទេស​ ស្នើមក​លោក​ក្ដី​ ដោយ​ការ​រក្សា​គោលជំហរ​របស់​លោក​​ ទទួល​បាន​នូវ​ការ​កោត​សរសើរ​ខ្លាំង​ពី​សាធារណជន​។ យ៉ាង​ណា​មិញ​ភាពយន្ត​ខ្នាតធំ​រឿង «ប្រវត្តិស្នេហ៍​នាង​នាថ» នេះ ក៏​នឹង​បញ្ចូល​នូវ​សិល្បៈ​វប្បធម៌ អរិយធម៌ខ្មែរ​ ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ឃើញ​ពីតថភាព​នៃ​សង្គមខ្មែរ​នា​ជំនាន់​ដើម​ផង​ដែរ​។

នៅ​ក្នុង​ការ​បង្ហោះ​មួយ​ថ្មីៗ​នេះ​ លោក លៀក លីដា បាន​សំណូម​ពរ​ដោយ​ចំហរ​សូម​ឱ្យ​មាន​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ផលិត​ពី​សំណាក់​ប្រជាជន​ពលរដ្ឋ​ខ្មែរ​​ ត្បិត​អី​ភាពយន្ត​ខ្នាតធំ​នេះ​បាន​បញ្ចូល​នូវ​វប្បធម៌​និង​អរិយ​ធម៌​នៅ​ក្នុង​ផ្ទៃ​នៃ​សាច់​រឿង​ទាំង​មូល​។ លោក​បាន​លើក​ឡើង​ថា​៖​ «​វប្បធម៌​អរិយធម៌​ត្រូវ​បាន​ដាក់​បញ្ចូល​ ​នេះ​គឺ​ជា​ជ្រុង​មួយ​នៃ​រឿង​ប្រវត្តិ​ស្នេហ៍​នាង​នាថ​ ​ដែល​គេ​ប្រើ​ទូកង​​របស់​ខ្មែរ​ដើម្បី​ទៅ​ ​ធ្វើ​សឹក​សង្គ្រាម​។ ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូលរួម​ ថែរក្សា​ ​ស្រលាញ់​វប្បធម៌​និង​ចូលរួម​គាំទ្រ​ ​លើក​ទឹក​ចិត្ត​ដល់​ ​អ្នក​ផលិត​។​ ​អរគុណ​»​

ភាពយន្ត​រឿង​ ប្រវត្តិស្នេហ៍នាង​នាថ គឺជា​ភាពយន្តខ្នាត​ធំ​គុណភាព​កម្រិត​ស្ដង់ដារ​អន្តរជាតិ​ ដែល​ចូលរួម​សម្ដែង​ពី​តារា​សម្ដែង​មីយ៉ាន់ម៉ា Paing Takhon តារា​សម្ដែង​កូន​កាត់​បារាំង Melia និង​តារា​សម្ដែង​ស្រី​ប្រុស​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​ដួង​ទៀត​៕

Share.