សហព័ន្ធបាល់ទាត់របស់ប្រទេសអេស៉្បាញ បានប្រកាសអំពីការចាកចេញរបស់លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស៉្បាញ ពោលគឺរយៈពេល២ថ្ងៃ បន្ទាប់ពីមិនអាចដឹកនាំក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ២០២២ នៅប្រទេសកាតាបាន។

ក្រោយមិនអាចនាំក្រុមក្រុមជម្រើសជាតិអេស៉្បាញឡើងទៅជុំបន្ទាប់នៃវគ្គ៨ក្រុមចុងក្រោយ សហព័ន្ធបាល់ទាត់របស់ប្រទេសអេស៉្បាញ បានបណ្តេញលោក Luis Enrique ពីតំណែងគ្រូបង្វឹក។ ការបណ្ដេញចេញនេះក្រោយពេលក្រុមអេស៉្បាញ ប្រកួតស្មើគ្នាជាមួយក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងលទ្ធផល ០-០ និងទាត់បាល់ ១១ម៉ែត្រចាញ់ក្រុមម៉ារ៉ុកក្នុងលទ្ធផល ៣-០។ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្ររបស់អេស៉្បាញក្រោយជ្រុះចេញក្នុងព្រឹត្តិការណ៏ដ៏ធំនៅប្រទេសកាតាឆ្នាំនេះ។

គួរបញ្ជាក់ថាសហព័ន្ធបាល់ទាត់អេស្ប៉ាញ ក៏បានប្រកាសតែងតាំងអ្នកដឹកនាំក្រុមជម្រើសជាតិអេស៉្បាញអាយុក្រោយ ២១ឆ្នាំ គឺលោក Luis de la Fuente ដែលបច្ចុប្បន្នមានវ័យ៦១ឆ្នាំ សញ្ជាតិអេស៉្បាញតែម្តងជំនួសវិញ។

លោក De la Fuente បានដឹកនាំក្រុមជម្រើសជាតិអេស៉្បាញអាយុក្រោម ១៩ឆ្នាំ ឈ្នះជើងឯកទ្វីបអឺរ៉ុប កាលពីឆ្នាំ២០១៥ និងបានដឹកនាំក្រុមយុវជនអាយុក្រោម២១ឆ្នាំអេស៉្បាញ ឲ្យទទួលបានជើងឯកទ្វីបអឺរុបដូចគ្នានៅឆ្នាំ២០១៩។ ខណៈនៅឆ្នាំ២០២១ លោក De la Fuente បានដឹកនាំក្រុមជម្រើសជាតិអេស៉្បាញឲ្យទទួលបានមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក Luis Enrique បាននិយាយថា «អ្វីគ្រប់យ៉ាងដែលខ្ញុំមាននោះវាបានចាប់ផ្តើមកាលពី៤ ឆ្នាំមុន ហើយពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ខ្ញុំប្រាកដជាដឹងគុណខ្លាំងចំពោះអ្នកដែលបានតែងតាំងខ្ញុំពីរដងមកហើយ»

អត្ថបទ៖ សុន ភានុ

Share.