ត្បូងឃ្មុំ៖ ផ្ទុះប្រតិកម្មនៅខេត្តត្បូងឃ្មុំ ដោយគ្រូៗ រួមនិងមន្ត្រីនៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំបានប្ដឹងមេកើយរបស់ខ្លួន គឺលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ ទៅលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ខ្លះប្ដឹងទៅ ក្រសួងអប់រំយុវជន និងកីឡា។

នៅក្នុងបណ្ដឹង បានទាមទារ សូមឱ្យថ្នាក់លើចាត់វិធានការ បញ្ចប់តំណែងលោក អ៊ិន ពៅសម្បត្តិ ពីប្រធានមន្ទីរក្រោមហេតុផលថា លោក អ៊ិន ពៅសម្បត្តិ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ជាច្រើនករណី កិបកេងប្រាក់រដ្ឋ គិតតែស្រវាវេច ប្រយោជន៍ផ្ទាល់ខ្លួន កាត់ប្រាក់ខែពីគ្រូៗ បន្លំឈ្មោះគ្រូ ស៊ីម៉ោងវេន កេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យា ដើម្បីកិបកេង ថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ រាប់សិបលានរៀល ។ មានបណ្ដឹងចំនួន៣ ដែលប្ដឹងទៅអភិបាលខេត្តត្បូងឃ្មុំ។

ទី១. លោក ប៉ាន ចាន់អូន នាយក ”សាលាបឋមសិក្សាភូមិកណ្ដាល” ស្ថិតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ។ មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីខ្លួនចំនួន ៥លានរៀល ។

២. លោក ឈុន សុខ នាយក “សាលាបឋមសិក្សាបឹងព្រះ” ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានអះអាងថា មន្ទីរអប់រំ បានកាត់ប្រាក់ខែរបស់គាត់ ជាង ៣លានរៀល។

៣. លោក សុខ ជា នាយក”សាលាបឋមសិក្សាជីរោទ៍កណ្ដាល”ភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានអះអាងថា មន្ទីរអប់រំ បានកាត់ប្រាក់ខែរបស់ខ្លួនជាង ៥លានរៀល ។ បណ្ដឹងទាំង៣នេះ បានបញ្ជាក់ដូចៗគ្នាថា មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែពីពួកខ្លួន នៅអំឡុងខែសីហា ឆ្នាំ២០២២ ក្រោមហេតុផលថា “ពួកគាត់ធ្វើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីកន្លងទៅ”។

ប្រភពដដែលបញ្ជាក់បន្ថែមថា បើទោះបីជាពួកខ្លួន បម្រើការងារបោះឆ្នោតក៏ពិតមែន ប៉ុន្តែមិនបណ្ដោល ឱ្យខកខានឬខាតបង់ ចំពោះការងារសាលានោះទេ ។ តែផ្ទុយទៅវិញ ពួកគាត់បានបំពេញកិច្ចការងារសាលា យ៉ាងល្អ មិនសមណា មន្ទីរអប់រំ មកកាត់ប្រាក់ខែពួកគាត់ បែបនេះសោះ ? យោងឯកសារមួយចំនួនទៀត បានឱ្យដឹងថា មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ  បានកិបកេងថវិការដ្ឋ ក្នុងមួយខែៗរាប់សិបលានរៀល តាមរយៈការដាក់ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន ២វេន។ ជាក់ស្ដែង គ្រូឈ្មោះ ញ៉ែម ពិដោ បានផ្ទេរចេញទៅខេត្តកំពង់ធំ យូហើយ បែរជាមានឈ្មោះបើកប្រាក់ខែ នៅខេត្តត្បូងឃ្មុំ រហូត ។ 

ប្រភពបែកធ្លាយបានឱ្យដឹងទៀតថា លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងបក្ខពួក បានកេងប្រវ័ញ្ចប្រាក់បៀរវត្ស គ្រូបង្រៀនកិច្ចសន្យាចំនួន៩០នាក់ នៅស្រុកមេមត់ ដោយក្នុង១ខែៗ ជិត១០០លានរៀលឯណោះ  ខណៈបណ្ដាក្រុង-ស្រុក ផ្សេងៗទៀត ក្នុងខេត្តត្បូងឃ្មុំ ក៏មានការកេងប្រវ័ញ្ចស្រដៀងគ្នានិងស្រុកមេមត់ នេះដែរ? ប្រាក់បន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្ត កេងប្រវ័ញប្រាក់បៀរវត្សគ្រូបង្រៀន២វេន សម្រាប់ឆ្នាំ២០២២ ។​ ដោយបន្លំដាក់ឈ្មោះបក្ខពួក មិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ ២វេន ដោយសាម៉ីខ្លួនមិនដឹង ដើម្បីធ្វើតារាងរបាយការណ៍ កុហកថា ធនាគារវេរលុយច្រឡំ សូមផ្ញើមកឱ្យបក្ខពួករបស់ខ្លួនវិញ ។

ប្រាក់បៀរវត្ស ចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង១១លានរៀល សរុបជាថវិកា ជាង២០០ លានរៀលឯណោះ ចំពោះបណ្ដឹងរបស់មន្ត្រីៗ នៃមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ដែលបានប្ដឹង ទៅក្រសួងអប់រំយុវជន និងកីឡា ក៏បានអះអាងថា លោក អ៊ិន ពៅសម្បត្តិ គិតតែស្រវាវេច ផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតអភិវឌ្ឍន៍អង្គភាពអប់រំនោះទេ គ្មានដំណោះស្រាយ បង្កភាពស្មុកស្មាញ នៅសាលារៀន ឃុបឃិតគ្នាជាមួយការិយាល័យបុគ្គលិក ក្នុងការផ្ទេរបុគ្គលិកមន្ត្រីអប់រំ ពីកន្លែងមួយទៅកន្លែងមួយ ជាថ្នូរនិងប្រាក់រាប់ពាន់ដុល្លារ ក្នុងម្នាក់ៗ ដោយពុំឆ្លងកាត់ការ ត្រួតពិនិត្យពីគណៈកម្មការឡើយ ។ ក្លែងបន្លំឯកសារគ្រូៗ ២វេន លើទំហំទឹកប្រាក់ចំនួន២០១លានរៀល កាត់យកប្រាក់បៀរវត្ស គ្រូបង្រៀនកិច្ចសន្យាចំនួន៩៥នាក់ នៅស្រុកមេមត់ លើទំហំទឹកប្រាក់ ៩៧លានរៀល រាល់ការចោទប្រកាន់ទាំងនេះ។

ទាក់ទងនឹងបញ្ហានេះ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ មិនព្រមបំភ្លឺ ទូរស័ព្ទចូលហើយ លោកថា រវល់បើករថយន្ត ហើយក៏បិទទូរស័ព្ទទៅវិញ តែម្តងទៅ ។ យ៉ាងណាមិញ សារព័ត៌មានត្រយងនឹងព្យាយាមទាក់ទងដើម្បីសុំបំភ្លឺជុំវិញបញ្ហានេះ ហើយប្រសិនបើមានប្រតិកម្មណាមួយ សារព័ត៌មានត្រយងនឹងចុះផ្សាយ ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះនៅពេលក្រោយ។

ទោះជាយ៉ាងណាក្ដី គ្រូៗ រួមនិងមន្ត្រីចំណុះឱ្យមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ទទូចសុំឱ្យថ្នាក់ដឹកនាំខេត្ត ACU រួមនិងក្រសួងពាក់ព័ន្ធមេត្តាបើកការស្រាវជ្រាវ ចាត់វិធានការ បញ្ចប់មុនតំណែងលោក អ៊ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តត្បូងឃ្មុំ ៕

Share.