សិល្បៈជាតិ៖ សកម្មភាពរុះរើវាយបំផ្លាញកុដិបុរាណចំនួន៣ គឺ កុដិលេខ ៤៣ ៤៤ និង៤៥ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថាជាទង្វើផ្ទុយនឹងច្បាប់ ព្រោះក្រសួងបានចាត់ទុកកុដិទាំងនេះជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។

សកម្មភាពវាយបំផ្លាញខាងលើនេះ កំពុងរងនូវការរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលដំណឹងនេះតាមរយៈមន្ត្រីជំនាញ និង សូមសម្ដេច ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជមេត្តាបញ្ឈប់ការរុះរើ វាយកម្ទេចអគារបុរាណទាំង៣នោះ។

នៅក្នុងលិខិតរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពនេះ កំពុងរង ការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្ដាញសង្គម។

ក្នុងលិខិតដដែល លោកជំទាវបានបន្តថា ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែល មានតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាព នៃការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដូចបានភ្ជាប់មក ជាមួយដែលចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ។ ក្រសួងបានអំពាវនាវសូមឱ្យបញ្ឈប់ការរុះរើ វាយកម្ទេចអគារបុរាណទាំង៣នោះ ដោយសេចក្ដីអនុគ្រោះ។

សូមជម្រាបថា កុដិបុរាណខាងលើនេះ សាងសង់សម័យអាណានិគមបារាំង (អំឡុងទ.វ.ឆ្នាំ ១៩២០-៣០) ជំនាន់ព្រះធម្មលិខិត កែ អ៊ុក ជាចៅអធិការ (១៩១៣-១៩៣៦)។ កុដិទាំងនេះមានអាយុកាលដំណាលគ្នានឹង អតីតភូមិគ្រឹះសម្តេច ប៉ែន នុត (ផ្លូវលេខ១៩ កែងក្រោយសាលារចនា) អតីតភូមិគ្រឹះ តាន់ ប៉ា (បច្ចុប្បន្ន ធនាគារ May Bank, រុក្ខវិថីក្រមួនស) និង អគារអតីតមន្ទីរទេសចរណ៍រាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម តិរវិថីព្រះស៊ីសុវត្ថិ) ។ នេះបើតាមការបញ្ជាក់របស់ហ្វេសប៊ុកផេកស្រាវជ្រាវ Amazing Cambodia

Share.