សកម្មភាពកីឡា ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ បានបញ្ចប់ដោយជោគជ័យ ពិសេសការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលជាបុរេព្រឹត្តិការណ៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺជាក្ដីសង្ឃឹមមួយ សម្រាប់ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជានេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា៖ «ការរៀបចំការប្រកួតកីឡា មានដូចជា រត់កម្សាន្ដ ប្រណាំងកង់ កីឡាទូកក្ដោង ក៏ដូចជាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ក្នុងពិធីបុណ្យសមុទ្រ ខាងលើ សុទ្ធតែទទួលបានការគាំទ្រ និងជោគជ័យដ៏ធំធេង ពិសេសគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដែលជាការប្រកួត Pre-SEA Games សម្រាប់ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង»


ឯកឧត្តមបញ្ជាក់ថា «ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ៣ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រនេះ គឺយើងសង្កេតឃើញជាក់ស្តែង ពីការងាររបស់អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ បានគោរពតាមគោលការណ៍រួមនៃបទបញ្ជាការប្រកួតគុនខ្មែរ ក៏ដូចជាគោលការណ៍ប្រកួត Muay ដែលមានចែងក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម។ ការរៀបចំផ្តល់ពិន្ទុ កាត់សេចក្តី របស់អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ មានយុត្តិធម៌ ដែលជារឿងសំខាន់ ក្នុងការវិនិច្ឆ័យនៃជំនាញនីមួយៗ»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានសង្កត់ធ្ងន់ថា «នេះជាភាពសប្បាយរីករាយមួយ របស់គណៈកម្មការរៀបចំ ក្នុងនាមជាម្ចាស់ផ្ទះ ហើយសូមអរគុណដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីជំនាញ មកពីសហព័ន្ធអន្តរជាតិ ដូចជាមកពីប្រទេសបារំាង ថៃ ម៉ាឡេស៊ី វៀតណាមជាដើម បានមកជួយផ្តល់គុណតម្លៃដល់ការរៀបចំ ឲ្យមានភាពល្អប្រសើរ ស្មើភាពគ្នា និងយុត្តិធម៌។ នេះជាការរៀបចំមួយមានភាពអស្ចារ្យ ហើយបានធ្វើឲ្យគុនខ្មែរក្លាយជាប្រភេទកីឡាមួយ មានទំនុកចិត្តកាន់តែខ្ពស់ ពីបណ្តាប្រទេសនានា ដែលបានចូលរួមក្នុងពេលនេះ រួមទាំងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។

ការរៀបចំការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ៣ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២២ បានប្រព្រឹត្តដោយរលូន និងជោគជ័យ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹង នាពេលនេះ ដែលជាក្តីសង្ឃឹមកាន់តែខ្ពស់ នៃដំណើរការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ»៕

ប្រភព៖ ប្រែសម្រួលពី Cambodia 2023

Share.