បន្ទាប់​ពី​ផ្ទុះ​រឿង​ទំនាស់​ស្នេហា​ឈាន​រហូត​ដល់​កើត​អំពើ​ហិង្សា​ និង​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ​មហាជន​លើក​ជា​ចំណោទ​ថា​ ​បើ​អ្នកនាង​ ​សុទ្ធ បញ្ចកា ពិត​ជា​មាន​ទំនាក់ទំនង​ ឬ​លេង​ចាក់​ទឹក​ដូង​ជាមួយ​បុរស​ផ្សេង​ ​ក្នុង​កំឡុង​ដែល​ខ្លួនបាន​រួមរស់​ជាមួយ​ ​អេដវីដ​ តើ​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដែរ​ឬទេ​?​ ​ត្រយង ឆ្លើយ​ដោយ​ខ្លី​ថា​ បើ​អ្នក​ទាំងពីរ​ពុំ​បាន​ចុះសំបុត្រ​អាពាហ៍ពិពាហ៍​ជាប្ដី​ប្រពន្ធ​ស្របច្បាប់​ ​មិនអាច​ចងសិទ្ធិ​ភាគី​ណាមួយ​បាន​ទេ​ ​ពោល​គឺ​ ​ពុំ​អាច​ដាក់​បន្ទុក​ថា​ បាន​ប្រព្រឹត្តិ​អំពើ​ផិត​ក្បត់​ដែល​មាន​ចែង​ក្នុង​ច្បាប់​បាន​ឡើយ​។​ ​ករណី​នេះ​ ​អាច​ជា​កំហុស​សីលធម៌​ ​មនសិការ​ ដែល​ភាគីណា​មួយ​ខ្វះ​ភាព​ស្មោះត្រង់​ ​ភក្ដីភាព​រវាង​គ្នា​និង​គ្នា​។

សូមចុចអាន សុទ្ធ បញ្ចកា ​ដេក​ព្យួរសារ៉ូម ​​ស្នាម​​របួស​ឡើង​​​ជាំ​ខ្មៅ ​តែ​អេដវីន​ បែរជាបាត់​ស្រមោលពី​បណ្ដាញ​សង្គម!

ទន្ទឹម​នេះ ​ក៏​មាន​ការ​ចោទសួរ​ដែរ​ថា​ ​ចុះបើ អេដវីដ​ ប្រើ​អំពើ​ហិង្សា​លើ​ សុទ្ធ បញ្ចកា​ តើ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ​ឬយ៉ាង​ណា​?​ ចំណុច​នេះ​ ​ទោះ​គ្មាន​សំបុត្រ​អាពាហ៍ពិពាហ៍​ ​អំពើ​ប្រព្រឹត្តិ​លើ​បុគ្គល​ដែល​គ្មាន​ទំនាក់ទំនង​គ្នា​ក៏ដោយ​ អំពើ​នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ ​ដែល​ត្រូវ​ផ្ដន្ទាទោស​។​ ប្រសិន​បើ​រក​ឃើញ​ថា​ ​អេដវីន ពិត​ប្រើ​អំពើ​ហិង្សា​មែន​ ​ហើយ​ភាគី​រងគ្រោះ​ប្ដឹង​ទៅ​សមត្ថកិច្ច​ ឬ​តុលាការ​ ​ភាគី​បង្ក​អាច​ប្រឈម​នឹង​ការ​កសាង​សំណុំ​រឿង​ករណី​ ​ហិង្សា​ដោយ​សហព័ទ្ធ​(​ប្ដី​ឬ​ប្រពន្ធ​)​ ឬ​អនីតិសង្វាស់​ជន​(​នៅ​ជាមួយ​គ្នា​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ​តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​)​ តាម​មាត្រា​២២២ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​ដែល​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។​

ករណី​នេះ​ ​ប្រសិន​បើ​នាង​ជា​ជនរងគ្រោះ ​ពុំអាច​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​សមត្ថកិច្ច​ ​ឬ​តុលាការ​បាន​ ដោយ​កំពុង​ព្យាបាល ​បាន​ត្រឹមតែ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ ​តើ​សមត្ថកិច្ច​(នគរបាល​ ​ឬ​អាវុធហត្ថ​)​ ឬ​តុលាការ​ ​មាន​សិទ្ធិ​ចាត់ការ​ដែរ​ឬទេ​?​ ​ជា​រួម​ ​បើ​សមត្ថកិច្ច​ ឬ​តុលាការ​(អយ្យការ)​ បាន​ដឹងបាន​ឃើញ​ថា​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ ​គេ​អាច​ធ្វើការ​ស៊ើបអង្កេត​ ​ស្រាវជ្រាវ ​កសាង​សំណុំ​រឿង​បាន​ ដោយ​ចុះ​ទៅ​ជួប​ជនរងគ្រោះ​ធ្វើ​កំណត់​ហេតុ​បំភ្លឺ​ ​និង​កោះ​ហៅ​ជនសង្ស័យ​ មក​ធ្វើ​កំណត់ហេតុ​ស្ដាប់​ចម្លើយ​។ លើស​ពីនេះ ​អាច​ប្រមូល​ព័ត៌មាន​ផ្សេងៗ​ពី​បុគ្គល​ទាំងឡាយ​ណា​ដែល​អាច​ផ្ដល់ព័ត៌មាន​បាន​ថែម​ទៀត​។​

ត្រយង ​សូម​បញ្ជាក់​ថា​ ​ករណី​ព្រហ្មទណ្ឌ​ ​ទោះ​ជា​ជនរង​គ្រោះពុំ​បាន​ដាក់​ពាក្យ​ប្ដឹង​ក៏​ដោយ​ ក៏​សមត្ថកិច្ច​ ​ឬ​អយ្យការ​ ​(​ព្រះរាជអាជ្ញា​ ​ឬ​ព្រះរាជអាជ្ញារង​) មាន​សិទ្ធិ​ដំណើរ​ក្ដី​បាន​ដែរ​ ព្រោះ​អយ្យការ​ជា​ម្ចាស់​បណ្ដឹង​អាជ្ញា​ ឬ​ម្ចាស់​បណ្ដឹង​ព្រហ្មទណ្ឌ​។​ ចំណែក​ជនរងគ្រោះ ​ពុំមែន​ជា​ម្ចាស់​បណ្ដឹង​អាជ្ញា ឬ​ម្ចាស់​បណ្ដឹង​ព្រហ្មទណ្ឌ​នោះ​ទេ​។ ​ជនរងគ្រោះ ​ត្រឹម​ជា​ម្ចាស់​បណ្ដឹង​រដ្ឋប្បវេណី​ ទាមទារ​សំណង​ការខូចខាត​ ​និង​សំណង​ជំងឺ​ចិត្ត​ប៉ុណ្ណោះ​។​

ដូច្នេះ​ ប្ដឹង​មិន​ប្ដឹង​ ​ជា​រឿង​ផលប្រយោជន៍​ឯកជន​របស់​ជនរងគ្រោះ។​ ​បើ​មិន​ប្ដឹង​ ច្បាប់​ចាត់​ទុក​ថា​ជនរងគ្រោះ​បោះបង់​ប្រយោជន៍​នោះ​ចោល​។​ ​តែ​រឿង​ព្រហ្មទណ្ឌ​(បទ​ល្មើស​ក្នុង​សង្គម​)​ ​សមត្ថកិច្ច​ ឬ​អយ្យការ​អាច​ចាត់ការ​បាន​ជា​ដរាប​៕

Telegram-Troryorng
Share.