មែនទែនទៅ! ការងងុយគេង នៅអំឡុងពេលធ្វើការ បានក្លាយជារឿងធម្មតា ជាពិសេស​អំឡុងបាយថ្ងៃត្រង់ហើយ។ ការកើតឡើងនៃការងងុយគេង កើតឡើងច្រើនយ៉ាង ជួនកាលមកពីការធ្វើការច្រើន គេងមិនគ្រប់ ការអស់កម្លាំង ឬញាំអាហារថ្ងៃត្រង់​ហើយ រមែងងងុយដេក ភ្នែកចេះតែចង់បិទ បានធ្វើឲ្យរំខានអារម្មណ៍ដល់ការផ្ចង់ការងារ។ បញ្ហាទាំងអស់នេះ បានធ្វើឲ្យមនុស្សមួយចំនួន​យកដំណោះស្រាយ​ទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន បំបាត់ការងារងងុយគេ នៅពេលព្រឹក ឬពេលថ្ងៃត្រង់។ ដំណោះស្រាយ​នេះ​អាចល្អ និងមិនល្អ ព្រោះកាហ្វេអ៊ីន មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។

ប្រិយមិត្តមួយចំនួន​ដែលមិនចង់ទទួលកាហ្វេ ហើយចង់បំបាត់ការងារងងុយគេង នៅអំឡុងធ្វើការ គឺអាចសាកល្បង វិធី៦យ៉ាងខាងក្រោមនេះបាន៖

១. ងើបចេញពីកៅអី៖ ការចំណាយពេលអង្គុយមុខកុំព្យូរទ័រយូរធ្វើឲ្យអស់កម្លាំង ដូច្នេះគួរក្រោកចេញពីកៅអី ហើយធ្វើលំហាត់ប្រាណ ដោយពត់ខ្លួនចុះឡើង ដើម្បីដាស់អារម្មណ៍​ឲ្យស្វាងពីការងងុយគេង។​

២. សម្រាកភ្នែក៖ នៅពេលយើងនៅមុខកំព្យូរទ័រ យូរពេកអាចធ្វើឲ្យ​ងងុយដេក ព្រោះតែអស់កម្លាំង ដូច្នេះ​គួរលៃពេលសម្រាកភ្នែក​របស់អ្នក កុំឲ្យ​អស់កម្លាំង ក៏ជាវិធីសាស្រ្តមួយជួយ​បាន​មួយផ្នែកដែរ។​

៣. ធ្វើសកម្មភាព៖ ផ្អាកសកម្មភាពការងារបន្ដិច ហើយ​ដើរចុះឡើង កុំឲ្យសរីរាង្គរបស់យើងនៅស្ងៀម ដែលធ្វើឲ្យ​យើង​ងងុយដេក ដូច្នេះ​ការធ្វើសកម្មភាពដើរចុះឡើង​ក៏ជាផ្នែក​មួយ​ជួយ​ឲ្យ​បាត់ងងុយដេកដែរ។​

៤. ឥរិយាបទ អង្គុយធ្វើការ៖ ជួនកាលការអង្គុយនៅកៅអី​មិនត្រឹមត្រូវ​ធ្វើ​ឲ្យ​ឈឺចង្កេះ ខ្នង ហើយ​ឈាន​ទៅ​ដល់ការងងុយដេក ដូច្នេះ​គួរប្ដូរទម្លាប់មិនល្អ​មួយចំនួន ហើយ​គួរ​សម្រាកការងារបន្ដិច ហើយ​តម្រង់​ខ្នង​របស់​អ្នក​​ឲ្យ​ត្រង់​ ក៏ជាផ្នែក​មួយ​ជួយ​ដល់​ស្មារតី​របស់​អ្នក​កំពុង​ផ្ចង់ការងារ។

៥. អាហារបំប៉ន៖ ការ​ធ្វើការច្រើន​រមែង​ធ្វើ​ឲ្យ​ឆាប់​អស់​កម្លាំង​ ម៉្លោះហើយ​យើង​រមែង​ចង់ងងុយ​ដេក ដូច្នេះ​យើង​គួរ​គប្បី​ហូបអាហារ​ដែល​បំប៉នសុខភាព ឬ​អាហារ​ប៉ូវកម្លាំង​ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ ឈ្នះ​នៅភាព​ងងុយ​ដេក​បាន។​

៦. ជជែក៖ ងើបឡើង​ដើរចុះដើរឡើង​ហើយ​ និងទទួលទានអាហារបំប៉ន​ហើយ​​ នៅតែងងុយដេក ប្រិយមិត្ត​គួរគប្បី​រកអ្នកជជែកពីនេះពីនោះ ដើម្បីបន្លប់​ការងងុយដេក ប៉ុន្ដែ​ហាម​រឿង​មួយ​កុំទម្លាប់​ជជែក​រឿងមិនល្អ​របស់ក្រុមការងារ​ ឬមេដឹកនាំ ដែល​នាំ​ឲ្យ​ខាតប្រយោជន៍៕​

តើប្រិយមិត្តមានគន្លឹះអ្វីបន្ថែម អាចជួយផ្ដល់យោបល់​បាន !

Share.