សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសដែលកពុងធ្វើការងារនៅកម្ពុជា។ កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ឱ្យដឹងថាគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយអនុប្រធាន៦រូប និងសមាជិក១៤រូប។

គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនាពេលកន្លងមក សំដៅពង្រឹងការអនុវត្តច្បាប់ការងារ នៅកម្ពុជា។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី បានណែនាំអំពីរបៀបរបបធ្វើការងារ ក្នុងពេលបំពេញបេសកម្មការងារនេះ ក្នុងនោះសម្តេចក៏បានណែនាំដល់គណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និងត្រួតពិនិត្យការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់ ត្រូវធ្វើយ៉ាងណាបំពេញការងារឱ្យមានប្រសិទ្ធិភាព។

យោងតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យគោលដៅ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេសគ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ១.២០៨លានរៀល៕

Share.