កណ្តាល៖  ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក២នាក់ បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២:១៥នាទី រំលងអធ្រាត្រ ស្ថិតនៅក្នុង ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យទាំង០៤នាក់ ទី១មានឈ្មោះ ម៉ែន រ៉ាឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅម្តុំគីឡូម៉ែតលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ ង្វៀង តឹងមុី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ទី៣ ឈ្មោះ ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ទី៤ឈ្មោះ លុច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ទាំង០២ នាក់ មានទីលំនៅ រស់នៅម្តុំគីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

ចំពោះវត្ថុតាងចាប់យកបានរួមមាន ៖  មេសោរ ០១, ច្រវ៉ាក់ ០១ខ្សែ ប្រវែង ៥០សង់ទីម៉ែត្រ, ខ្សែគោ ចំនួន ០១ខ្សែ ប្រវែង៦,២០ម៉ែត្រ (ជារបស់ជនរងគ្រោះ ដកបាននៅកន្លែងកើតហេតុ) ម៉ូតូចំនួន ០២គ្រឿង ១-ម៉ាក Zoomer ពណ៌ក្រហម លាយស ពាក់ផ្លាកលេខ ភ្នំពេញ 1HX-4011, ទី២- ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ឡើងតែម២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1BS-8491, មេសោ ពណ៌ខ្មៅ ចំនួន ០៣, កន្រ្តៃសម្រាប់កាត់ ចំនួន ០២, ញញួរ ០១, ម៉ាឡេត អូតូ ចំនួន ០២, ទួរណឺវីស ដង ពណ៌លឿង ចំនួន ០២, ក្បាលទួរណឺវីស ចំនួន ០៦, កូនកាំបិតតូច ០១, ឧបករណ៍ឆ្កឹះសោ, ដុំសោ ម៉ូតូ ០១, កូនសោ ចំនួន ០៤, ដង្កាប់ ០១, កញ្ចប់ថ្នាំបំពុលកណ្តុរ ចំនួន ១២កញ្ចប់, ត្រី និង សាច់មាន់ សម្រាប់លាយបំពុល មួយចំនួន ប្រភពសម្ភារៈបានចាប់យកនៅក្រោមកែបម៉ូតូ របស់ជនសង្ស័យទាំង ០២គ្រឿង។

តាមប្រភព័ត៌មានពី​អ្នកជិតខាងបានឲ្យដឹងថា កាលពីវេលាម៉ោង ០២:១៥នាទី រំលងអធ្រាត្ររូបខ្លួនបានចេញពីក្នុងផ្ទះមកនោម នៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥ ខណៈពេលកំពុងឈរនោម រូបខ្លួនបានមើលទៅផ្ទះ ជនរងគ្រោះឈ្មោះ លី ពៅ ភេទប្រុស ដែលនៅទល់មុខគ្នា បានឃើញជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ កំពុងធ្វើសកម្មភាពចូលលួចម៉ូតូ របស់ជនរងគ្រោះ ដែលដាក់លើរថយន្តសាំយ៉ុង នៅមុខផ្ទះក្នុងរបង  និងឃើញជនសង្ស័យចំនួន០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ កំពុងអង្គុយចាំលើម៉ូតូ ចំនួន ០២គ្រឿង នៅលើចិញ្ចើមផ្លូវជាតិលេខ៥ ខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រហែល ១០ម៉ែត្រ ភ្លាមនោះរូបលោក បានតេទូរសព្ទ័រាយការណ៍ជូនលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ឲ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងផ្នែកជំនាញ រួមនិងកម្លាំងប្រជាការពារ ចុះទៅកន្លែងកើតហេតុ បានឃើញជនសង្ស័យ០២នាក់ កំពុងអង្គុយលើម៉ូតូ និងជនសង្ស័យ០២នាក់ទៀត ដែលចូលធ្វើសកម្មភាពលួចម៉ូតូ ទើបឃាត់ខ្លួនបាន២នាក់ នាំមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីធ្វើការសាកសួរ។

 ក្រោយឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ម៉ែន រ៉ាឌី បានឆ្លើយសារ ភាពថា នៅថ្ងៃកើតហេតុ រូបខ្លួនបានជិះម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ឡើងតែម២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8491 ឌុបគ្នាជាមួយឈ្មោះ ស្រស់ ភេទ ប្រុស ចំណែកឈ្មោះ ង្វៀង តឹងម៉ី ជិះម៉ូតូម៉ាក Zoomer ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1HX-4011 ជិះឌុបគ្នាជាមួយឈ្មោះ លុច នាំគ្នាជិះតាមបណ្តោយផ្លូវជាតិលេខ៥ មកចំណុចកើតហេតុខាងលើទើប ឈ្មោះ ស្រស់ និង ឈ្មោះ លុច បានចូលទៅធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ចំណែករូបខ្លួន និង ឈ្មោះ ង្វៀង តឹងម៉ី នៅអង្គុយចាំម៉ូតូនៅចិញ្ចើមផ្លូវ លើផ្លូវជាតិលេខ៥។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ កំពុងឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.