កីឡាករ Ikhsan Fandi និង Adam Swandi នឹងអវត្តមានក្នុងការប្រកួតពាន AFF Mitsubishi Electric Cup 2022 បន្ទាប់ពីរកីឡាករទាំង២រូបនេះរង់របួសជង្គង់អំឡុងពេលប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដំជាមួយម៉ាល់ឌីវ កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។


អ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវាយតម្លៃបន្ទាប់ពីការប្រកួត ហើយខណៈពេលដែលស្ថានភាពកំពុងស្ថិតក្នុងការតាមដាន សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានបញ្ជាក់ថាកីឡាករទាំងពីរមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត AFF Mitsubishi Electric Cup 2022 នឹងអាច​អវត្តមានរយៈពេលពីរឆ្នាំខាងមុខ។


ក្រោមការដឹកនាំរបស់លោក Takayuki Nishigaya គ្រូបង្វឹកជនជាតិជប៉ុន បានកោះហៅកីឡាករ Adam Swandi និងកីឡាករ Ikhsan Fandi ចូលរួមជម្រើសជាតិ រួមទាំងបងប្អូន២នាក់ទៀត របស់ Fandi គឺមាន Irfan Fandi និង Ilhan Fand។ អ្នកទាំង៣ ជាកូនប្រុសបង្កើតរបស់លោក Fandi Ahmad អតីតសមាជិកក្រុមជម្រើសជាតិសិង្ហបុរី ចន្លោះឆ្នាំ១៩៧៩ដល់១៩៩៧។


Ikhsan Fandi កើតនៅឆ្នាំ១៩៩៩ ជាខ្សែប្រយុទ្ធ ធ្លាប់ប្រកបអាជីពនៅក្លិបបាល់ទាត់ Jerv សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី២ប្រទេសន័រវែស។ ខ្សែប្រយុទ្ធរូបនេះបានចុះកិច្ចសន្យាកីឡាករអាជីពដំបូងជាមួយក្រុម Home United បានចូលរួមក្រុម Young Lions និងនៅឆ្នាំ២០១៩-២០ ចូលរួមក្នុងក្រុម Raufoss សមាជិកពានរង្វាន់លីគទី២ប្រទេសន័រវែស ហើយនៅចុងឆ្នាំ២០២១ រូបគេបានផ្លាស់ទៅចូលរួមលីគប្រទេសថៃ ជាមួយក្រុម BG Pathum United ដូចបងប្រុសខ្លួន។

កីឡាករ Adam Swandi កើតនៅឆ្នាំ១៩៩៦ បច្ចុប្បន្នប្រកបអាជីពនៅក្លិបបាល់ទាត់ Lion City Sailors សមាជិកក្នុងពានរង្វាន់លីគកំពូលសុង្ហបុរី។ កីឡាករវ័យក្មេងរូបនេះមានកម្ពស់ ១.៧០ម៉ែត្រ បានចុះកិច្ចសន្យាកីឡាករអាជីពដំបូងជាមួយក្រុមYoung Lions នៅឆ្នាំ២០១៥-២០១៦ និងចូលរួមក្រុម Home United នៅឆ្នាំ២០១៧។ ចាប់តាំងពីឆ្នាំ២០១៣ មកកីឡាករវ័យក្មេងរូបនេះចាប់ផ្តើមជាប់ក្នុងក្រុមជម្រើសជាតិ រហូតដល់បច្ចុប្បន្ន។

ពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គជម្រុះតាមពូល នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រុមសិង្ហបុរី នឹងត្រូវជួប មីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ពូល B មានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ ខណ:ពូល A មានថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និងប្រ៊ុយណេ៕

Share.