លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់

កម្ពុជា បាន​បញ្ចប់​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ចំបាច់​ជើង​ឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ កាល​ពី​ពេល​ថ្មីៗ ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​នេះ​គឺ​ធ្វើ​ឡើង​មុន​ពេល​​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ។

លោក ខេស៊ី បាណេត អនុ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​បាន​លើក​ឡើង​ថា៖ «ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាអន្ដរជាតិសំខាន់សម្រាប់កម្ពុជាទេ ប៉ុន្ដែជាការកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីរៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថា៖«ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាការជំរុញលក្ខណៈគ្រប់ជ្រុងជ្រោងបន្ថែមទៀត សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជារង់ចាំអស់ ៦៤ឆ្នាំមកហើយ»។

បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់កាលពីល្ងាចម្សិលមិញ ក្រុម​អត្តពលិកវៀតណាម ដណ្តើមបានមេដាយច្រើនជាងគេ និងឈរលេខ២ ឥណ្ឌូណេស៊ី ខណៈម្ចាស់ផ្ទះកម្ពុជារកបានមេដាយសរុប១៩គ្រឿង។

សរុប​មេដាយនៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នេះ​មាន៖

  • វៀតណាម មេដាយមាស១៨គ្រឿង មេដាយសំរឹទ្ធ១១គ្រឿង មេដាយប្រាក់១គ្រឿង សរុប ៣០គ្រឿង
  • ឥណ្ឌូនេស៊ី មេដាយមាស៦គ្រឿង មេដាយសំរឹទ្ធ៩គ្រឿង មេដាយប្រាក់៣គ្រឿង សរុប១៨គ្រឿង
  • កម្ពុជា មេដាយមាស៣គ្រឿង មេដាយសំរឹទ្ធ៣គ្រឿង មេដាយប្រាក់១៣គ្រឿង សរុប១៩គ្រឿង
  • ហ្វីលីពីន មេដាយមាស១គ្រឿង មេដាយសំរឹទ្ធ៥គ្រឿង មេដាយប្រាក់៥គ្រឿង សរុប១១គ្រឿង
  • ថៃ មេដាយមាស១គ្រឿង មេដាយសំរឹទ្ធ២គ្រឿង មេដាយប្រាក់៦គ្រឿង សរុប៩គ្រឿង
  • សិង្ហបុរី មេដាយមាស១គ្រឿង មេដាយសំរឹទ្ធ០គ្រឿង មេដាយប្រាក់២គ្រឿង សរុប៣គ្រឿង


ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បានដំណើរការប្រកួតផ្លូវការនៅថ្ងៃទី១៦ ខែធ្នូនេះ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ និងបានបញ្ចប់ដោយជោគជ័យដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១១៥នាក់ មកពី ៧ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងឡាវ។


ក្រៅពីនេះ ក៏មានជំនាញការមកពី UWW រួមទាំងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ មកពីប្រមាណ ១០ប្រទេស ចូលរួមកាត់សេចក្ដី និងរៀបចំការប្រកួតនេះ ជាមួយមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាផងដែរ៕

Share.