ឆ្នាំនេះ​ ក្រសួង​អប់រំ​ប្រកាសហើយ​ថា ការប្រលង​មធ្យមសិក្សាបឋមភូមិ និង​មធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តិទៅ​នៅ​អំឡុង​ខែតុលា ២០២០ ដូច្នេះ​សិស្សានុសិស្ស​ត្រៀម​ប្រលង​កំពុង​សម្រុក​រៀន​ទាំងថ្ងៃ ទាំង​យប់ ជាពិសេស​ការ​រៀន​សូត្រ​ពេល​យប់​រមែង​ធ្វើ​ឲ្យ​ងងុយដេក​រំខាន​ដល់​ការ​សិក្សា។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំឲ្យ​ការរៀនពេលយប់​ងងុយដេក? ខាងក្រោមនេះ គឺជាបទពិសោធន៍​មួយ​ចំនួន ដែល​ត្រយង​ដកស្រង់​ពីបទពិសោធន៍​រៀម​ច្បង​ ដែល​បាន​ខិតខំរៀន​សូត្រ​ពេល​យប់​ ហើយ​មាន​គន្លឹះ​ផ្សេងៗគ្នា តែសារព័ត៌មាន​ត្រយង​ប្រមូល​បាន​សរុប​ចំនួន ៨គន្លឹះ ខាង​ក្រោម ដែល​ជួយ​ដល់​ការ​រៀនពេលយប់​មិនងងុយដេក៖

១. ឧហ្សាហ៍ផឹកទឹក៖ ការធ្វើការច្រើន រៀនច្រើនរមែងបាត់បង់ជាតិទឹក ធ្វើឲ្យ​អស់កម្លាំង ដូច្នេះ ការអានសៀវភៅពេលយប់ងាយ​នឹងឆាប់ងងុយដេក។ ដើម្បីកុំឲ្យ​ងងុយដេក អ្នកគួរដាក់​ទឹក ជាពិសេស​ទឹកក្ដៅអ៊ុនៗ ជាផ្នែក​មួយបំពេញជាតិទឹកក្នុងខ្លួន និងរាងកាយរឹងមាំ លែងងងុយដេក។

២. លាងមុខ៖ ការសម្លឹងសៀវភៅ ឬកុំព្យូទ័រយូរ​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ទន់​ចង់តែដេក ដូច្នេះ​គួរសម្រាកបន្ដិច​ ហើយ​ទៅលប់លាងមុខ​ នឹង​ធ្វើឲ្យ​ស្រឡះ​មុខមាត់​ឡើង​វិញ លែងងងុយដេក។​

៣. ដើរចេញក្រៅស្រូបខ្យល់អាកាស៖ ការប្រឹងរៀន​ធ្វើ​ឲ្យ​ចុករោយភ្នែក និងខួរក្បាល​ហត់នឿយ ដូច្នេះ​គួរតែសម្រាក​បន្ដិច​ រួចដើរចេញក្រៅ ធ្វើឲ្យ​រាងកាយ​បានសម្រាក​ ហើយ​ពត់ខ្លួនចុះឡើង ស្រូប​ខ្យល់​បរសុទ្ធ​ ក៏ជាផ្នែក​មួយ​កាត់បន្ថយ​ការងងុយដេក។​

៤. អង្គុយក្នុងកាយវិការឹងមាំ៖ កុំអង្គុយ​បែប​ទោទន់​តាម​ពេលរាត្រី អ្នក​គួរតែអង្គុយ​​តាម​បែប​ភាព​រឹងមាំ ដើម្បីពង្រឹងស្មារតី​ទាំងរាងកាយ និង​ខួរក្បាល​ ក៏ជាផ្នែកមួយ​ជួយកាត់បន្ថយ​ការងងុយដេកផងដែរ។​

៥. ស្ដាប់​ចម្រៀង៖ វិធីមួយទៀត​ គឺការស្ដាប់ចម្រៀង​បែប​សប្បាយ​រីករាយ កុំព្យាយាម​ស្ដាប់​ចម្រៀងបែប​លន្លង់លន្លោច ធ្វើ​ឲ្យ​សោកសៅ កាន់តែងងុយដេក។ ប៉ុន្ដែក៏អាស្រ័យ​លើបុគ្គល​ មនុស្ស​ខ្លះ​ចូលចិត្ត​ចម្រៀង​លន្លង់លន្លោច​ក៏មិន​ជាថ្មីដែរ តាមចំណង់ចំណូល​ចិត្ត​ តែយ៉ាងណា​ស្ដាប់បទសប្បាយ ឬបទញាក់​​ ធ្វើ​ឲ្យ​ស្វាង​ស្មារតី អារម្មណ៍ស្រស់ស្រាយ បន្ថយការងងុយដេក។​

៦. អាន ឬមើលរឿងកំប្លែង៖ អំឡុងពេល​រៀន​ពេល​យប់​ស្រាប់​តែមាន​អារម្មណ៍​ងងុយដេក គួរ​ផ្អាក​រៀន​បន្ដិច បើ​មានសៀវភៅ ឬ​បើក​ទូរសព្ទ​ទស្សនា​រឿង​កំប្លែង​ខ្លះៗ​ ដើម្បីបំផ្ទុះសំណើច​ ក៏ជាជម្រើស​មួយ​ធ្វើ​ឲ្យ​បន្ថយ​ការងងុយគេងបានខ្លះដែរ។​

៧. អានឲ្យលឺៗ៖ ប្រសិនបើ​នៅក្នុងបន្ទប់​ យើង​កំពុង​រៀន ឬ​អាន​សៀវភៅ​ គួរ​អាន​ឲ្យ​លឺៗ​ គឺបញ្ចេញ​ថាមពល​ នៃការ​អានផង និង​ស្ដាប់ខ្លួនឯងផង ជួយឲ្យ​យើង​ថមថយងងុយដេក។

៨. ទាញ ឬក្ដិចសរីរាង្គខ្លួនតិចៗ៖ នៅពេលងងុយដេកខ្លាំង​អាច​ទាញ​ស្លឹកត្រចៀក ក្ដិច​ដៃ ជើង​តិចៗ ជាការ​ដាស់​ស្មារតីរាងកាយ​ កុំឲ្យ​សម្រាក​តាម​អារម្មណ៍​ដែល​ចង់​ដេក។ ការណ៍ធ្វើ​ដូចនេះ ជាផ្នែក​មួយ​បន្ថយ​ការ​ងងុយដេកមួយផ្នែក។​

៩. ប្រសិនបើ​ប្រិយមិត្ត​ធ្វើតាមលំដាប់លំដោយ​តាំងពីទី១ ដល់ទី៨​ហើយ នៅតែងងុយដេកទៀត ដូច្នេះ​កុំបង្ខំរាងកាយ​របស់​យើង​កុំឲ្យងងុយ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ដល់សុខភាព គឺជម្រើសចុងក្រោយ​ គឺសម្រាក​ដេកយកកម្លាំង ហើយ​ក្រោក​ព្រឹក​រំលឹក​មេរៀន​ និងរៀនបន្ដ ទើប​ធ្វើ​ឲ្យ​ការរៀន​ទទួល​បាន​ផល៕​

Share.