លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន បានមានប្រសាសន៍ថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិ ២០២២នេះ គឺជាការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិចុងក្រោយគេ មុនឈានដល់ស៊ីហ្គេម ២០២៣ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ និងជាការផ្តល់ឱកាសសម្រាប់ការដកពិសោធបន្ថែម របស់មន្ត្រីបច្ចេកទេសផងដែរ»។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន

លោក នូ ចំរើន បានបញ្ជាក់ថា៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាប នឹងរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។

លោកបន្ថែមថា៖ «ក្នុងការប្រកួតនេះ ក៏នឹងមានការបិទផ្លូវ ក្នុងពេលប្រកួត ដើម្បីរក្សាសុវត្ថិភាពខ្ពស់ ជូនដល់កីឡាករ កីឡាការិនី ដែលចូលរួម។ ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធ ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ ក្នុងពេលប្រកួតទាំងអស់មេត្តាយោគយល់អធ្យាស្រ័យខ្ពស់ ចំពោះការបិទផ្លូវ ការកកស្ទះខ្លះៗ ដោយសារនេះជាការប្រកួតត្រៀមឆ្ពោះទៅ ស៊ីហ្គេម ២០២៣»។

លោក នូ ចំរើន លើកឡើងបន្ថែមថា មន្ត្រីបច្ចេកទេសកំពុងខិតខំរៀបចំយ៉ាងយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិ ឆ្នាំ២០២២នេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីគោលដៅចម្បងឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ គឺជាការវាស់ស្ទង់គុណភាពបច្ចេកទេសកម្រិតខ្ពស់បំផុតកម្រិតជាតិ និងចុងក្រោយគេ បង្អស់ មុនពេលឈានដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

Share.