នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ផេកផ្លូវការរបស់ AFF Mitsubishi Electric Cup បានបញ្ចេញអំពីតម្លៃសំបុត្រចូលទស្សនាផ្ទាល់ការប្រកួតពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ានរវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ទល់នឹងគោព្រៃកម្ពុជា នៅកីឡដ្ឋាន Gelora Bung Karno ពូល A ខណ:តម្លៃ១សន្លឹកតម្លៃចាប់ពី ៥ដុល្លារ រហូតដល់ ៦៤ដុល្លារ​

តម្លៃសំបុត្រចូលទស្សនាការប្រកួតរវាងឥណ្ឌូនេស៊ី ប៉ះកម្ពុជា៖
Rp ១,០០០,០០០ = ៦៤.១៤ដុល្លារ កៅអី VIP A&B
Rp ៧៥០,០០០ = ៤៨.១២ដុល្លារ កៅអីខាងកើត VIP
Rp ៥០០,០០០ = ៣២.០៨​ដុល្លារ កៅអីខាងលិចប្រភេទទី១
Rp ២៥០,០០០ = ១៦.០៤ដុល្លារ​ កៅអីខាងកើតប្រភេទទី១
Rp ១២៥,០០០ = ៨.០២ដុល្លារ កៅអីខាងត្បូងប្រភេទទី២
Rp ១២៥,០០០ = ៨.០២ដុល្លារ កៅអីខាងជើងប្រភេទទី២
Rp ៩០,០០០ = ៥.៧៧ដុល្លារ កៅអីប្រភេទី៣។

បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៊ី នៅវេលាម៉ោង ១០:៤៥នាទី កាលពីយប់ថ្ងៃទី២១ ខែធ្នូ ក្រោយជើងហោះហើរត្រូវបានពន្យាពេល ២លើក។ ហើយក្រុមត្រូវបន្តធ្វើដំណើរកាន់សណ្ឋាគារក្នុងរយៈពេល ១ម៉ោងបន្ថែមទៀតបានសម្រាក។

ខណ:លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារលើគណនីហ្វេសប៊ុកជុំវិញការមិនពេញចិត្តចំពោះកាលវិភាគប្រកួត នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដោយសារគ្មានពេលគ្រប់គ្រាន់ដើម្បីហ្វឹកហាត់ និងសម្រាក។

លោក Keisuke Honda បានថ្លែងដូច្នេះថា៖«កាលវិភាគប្រកួតរបស់ AFF Cup គឺពិបាកទទួលយកណាស់។ តើអ្នកអាចស្រមៃបានទេថាវាពិបាកប៉ុណ្ណា បើមើលតាមកាលវិភាគខាងក្រោមនេះ៖
ថ្ងៃទី២០ ខែធ្នូ ម៉ោង ៥:០០នាទីរសៀល ប្រកួតជាមួយ ហ្វីលីពីន នៅកម្ពុជា
ថ្ងៃទី២១ ខែធ្នូ ហោះទៅប្រទេសឥណ្ឌូនេស៊ី (អត់បានហាត់)
ថ្ងៃទី២២ ខែធ្នូ ហ្វឹកហាត់ផ្លូវការ
ថ្ងៃទី២៣ ខែធ្នូ ម៉ោង ៧:៣០ ប្រកួត នៅឥណ្ឌូនេស៊ី
ខណ:ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជាការប្រកួតដំបូងរបស់គេ…»៕

Share.