ពិធី​បុណ្យ​ណូអែល​ ដែល​ភាសា​អង់គ្លេស​​ហៅ​ថា​ Christmas ជិត​ឈាន​ចូល​មក​ដល់​ហើយ ខណ:ពិធី​នេះ ជា​​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បណ្ដា​​ប្រទេស​អ្នក​កាន់​សាសនា​គ្រិស្ត ​​តែង​តែ​ធ្វើ​ឡើង​វិល​ជុំ​ ជា​រៀង​រាល់​ឆ្នាំ​ ចំ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។

ចុះក្នុងវិស័យបាល់ទាត់វិញ តើនៅលើពិភពលោកមានក្រុមបាល់ទាត់ Santa Claus ដែរឬទេ?​ ដើម្បីជ្រាបកាន់តែច្បាស់តោះៗ​ ទៅ​ស្វែងយល់​ទាំងអស់​គ្នា!

ក្លិបបាល់ទាត់ Santa Claus FC ​ដែលមានមូលដ្ឋាននៅទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់ ដែលបច្ចុប្បន្នកំពុងលេងនៅលីគ Vitonen ដែលស្ថិតនៅកម្រិតទីប្រាំមួយ នៃលីគបាល់ទាត់របស់ប្រទេសហ្វាំងឡង់។

ក្លិបបាល់ទាត់ Santa Claus ឈ្មោះហៅក្រៅថា Santa មានលោក Juha Eteläinen ជាប្រធាន ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩២ តាមរយៈការរួមបញ្ចូលគ្នានៃ Rovaniemen Reipas និង Rovaniemen Lappi។

បន្ទាប់ពីដំណើរការអស់រយ:ពេល២០រដូវកាល ក្លិបក៏បានប្រកាសក្ស័យធននៅឆ្នាំ ២០១២ ហើយក៏បានបង្កើតឡើងវិញជាអង្គភាពថ្មីមួយក្រោមឈ្មោះថា FC Santa Claus Arctic Circle លុះនៅឆ្នាំ ២០១៩ ក្លិបបាល់ទាត់ Santa Claus ប្រកាសរំសាយចោលទាំងស្រុងតែម្តង។

ជាថ្មីម្តងទៀតនៅឆ្នាំ​ ២០២១ ក្លិបចាប់ផ្តើមបង្កើតឡើងសារជាថ្មី ហើយបន្តដាក់ឈ្មោះ Santa Claus FC ដដែល ដោយប្រើប្រាស់កីឡដ្ឋាន Saarenkylän​ ដែលអាចផ្ទុកអ្នកគាំទ្របាន​១,០០០នាក់ ចូលរួមលីគលំដាប់ទី៦ នៃលីគបាល់ទាត់របស់ប្រទេសហ្វាំងឡង់។

រយ:ពេល១រដូវកាល ក្រោយចាប់ដំណើរការឡើងវិញ ក្លិបបាល់ទាត់ Santa Claus FC ក្រោមការដឹកនាំរបស់លោក Santtu Pätäri បានបញ្ចប់ចំណាត់ថ្នាក់លេខ៥ ដោយឆ្លងកាត់១២ប្រកួត​ ឈ្នះ៣ ស្មើ១​ និងចាញ់៨ដង។

ខណ:រដូវកាល ២០២២ ក្លិបបាល់ទាត់ Santa Claus FC ចាប់ផ្តើមធ្វើបានខ្លាំង ពោលគឺបញ្ចប់ចំណាត់ថ្នាក់លេខ២ ក្រោយឆ្លងកាត់១៦ប្រកួត ឈ្នះ១១​ ស្មើ១ និងចាញ់៤។

សរុបចាប់តាំងពីឆ្នាំ ១៩៩២ នៅពេលក្លិប Santa Claus បង្កើតឡើងដំបូង រហូតមកដល់បច្ចុប្បន្នឆ្នាំ ២០២២ ធ្លាប់ឈ្នះពានរង្វាន់ចំនួន៧គ្រឿងដូចជា៖
-Kakkonen លីគកំដាប់ទី៣ នៅឆ្នាំ ២០១០
-Kolmonen លីគលំដាប់ទី៥ នៅឆ្នាំ ២០០១, ២០០៨ និង ២០១៤​
-Midnattsolscupen Cup នៅឆ្នាំ ១៩៩៤
-Nelonen លីគលំដាប់ទី៤ នៅឆ្នាំ ២០១៥, ២០១៧៕

Share.