ជនសង្ស័យទាំងពីរនាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះរួមមាន៖១.ឈ្មោះ គង់ សារឿន ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពង់ចាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោង។២.ឈ្មោះ ងួន រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិចំបុី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖១.ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2022 ពាក់ផ្លាកលេខ ភ្នំពេញ 1JR-6067។ (របស់ជនរងគ្រោះ)។២.ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ គ្មានផ្លាកលេខ ឡើងតែមឆ្នាំ២០២២ (របស់ជនសង្ស័យ)។៣.ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាកណូគៀ ចុចពិល ០១គ្រឿង ម៉ាកវីវ៉ូ ០១គ្រឿង។៤.ផ្លាលេខម៉ូតូ ០១,សោឆ្នៃកាច់កម៉ូតូចំនួន ០២ និងសម្ភារៈមួយចំនួន។

បើតាមសមត្ថកិច្ច នៅថ្ងៃទី២៥.១២.២០២២ វេលាម៉ោង ០៧:០០នាទី ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូ ០១ គ្រឿង ចេញពីផ្ទះជួលនៅម្តុំផ្សារព្រៃទាល រាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពលួចកាច់កម៉ូតូ តាមផ្លូវជាតិ លេខ៦។ ពេលធ្វើដំណើរមកដល់ចំណុចចន្លោះស្ពានលេខ៨ សង្កាត់បាក់ខែង ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពកាច់ក ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ នៅការដ្ឋានលក់ខ្សាច់ យកទៅលក់ឲ្យអ្នកចាំទិញមិនស្គាល់ឈ្មោះ នៅម្តុំទួលគោក។ ក្រោយពីលក់ហើយជនសង្ស័យទាំងពីរនាក់ បានបន្តដំណើរ មកធ្វើសកម្មភាពនៅស្រុកមុខកំពូល។ ពេលមកដល់ចំណុចឡឥដ្ឋកើតហេតុជនសង្ស័យបានឃើញម៉ូតូរបស់ ជនរងគ្រោះ ទុកនៅក្នុងបរិវេណឡឥដ្ឋ ជនសង្ស័យឈ្មោះ គង់ សារឿន បានចូលទៅកាច់ ក ហើយជិះចេញមកក្រៅបាន ៥០ម៉ែត្រ ទើបដូរ ឲ្យជនសង្សយ័ឈ្មោះ ងួន រតនា ជិះម៉ូតូរបស់ជនរងគ្រោះវិញ ជិះមកទិសខាងជើង ដល់ចំណុចវត្តសិរីមង្គល ឃុំរកាកោងទី១ ជនសង្ស័យបានដោះផ្លាកលេខម៉ូតូជនរងគ្រោះចេញ ក្នុងនោះសមត្ថកិច្ច បានទទួលព័ត៌មានពីជនរងគ្រោះ មានករណីលួចកាច់ ក ម៉ូតូ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចេញពួនស្ទាក់ ហើយបានប្រទះឃើញជនសង្ស័យ ពេលនោះជនសង្ស័យបានជិះគេច រហូតដល់ចំណុចផ្សារភ្នំឌិល ស្រុកបាធាយ ខេត្តកំពង់ចាម  ទើបសមត្ថកិច្ចយើងតាមចាប់ឃាត់ខ្លួនជនសង្ស័យ បានរួមទាំងវត្ថុតាងយកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនទាំងពីរនាក់ ពិតជាបានធ្វើសកម្មភាពកាច់ កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតានីតិវិធី៕   

អត្ថបទ៖តាខ្មៅ

Share.