នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងតម្រូវឲ្យអ្នកដំណើរមកពីប្រទេសចិនដីគោក តេស្ដរកកូវីដ១៩ ឡើងវិញ ចាប់ពីថ្ងៃទី ៣០ ខែ ធ្នូ តទៅ បន្ទាប់ពីទីក្រុង ប៉េកាំង បានប្រកាសថា ខ្លួននឹងបញ្ចប់លក្ខខណ្ឌការរឹតត្បិតក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២។

ទីក្រុង តូក្យូ បានបន្ធូរបន្ថយការរឹតបន្ដឹងរបស់ខ្លួនលើភ្ញៀវទេសចរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយការផ្លាស់ប្ដូរនេះមានន័យថា អ្នកធ្វើដំណើរមកពីប្រទេសចិន នឹងក្លាយជាអ្នកទេសចរតែមួយគត់ដែលតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ នៅពេលធ្វើដំណើរមកដល់ប្រទេសជប៉ុន។

លោក Kishida បាននិយាយនៅថ្ងៃ អង្គារ នេះថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងដោយសារតែមានព័ត៌មានថា ការឆ្លងមេរោគកូវីដ១៩ កំពុងតែឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។ លោកបន្ដថា «នេះជាការបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅប្រទេសជប៉ុន»។

សូមជម្រាបថា ប្រទេសចិន បានលុបចោលការរឹតត្បិតយ៉ាងតឹងរឹងរបស់ខ្លួនភ្លាមៗ បន្ទាប់ពីមានការតវ៉ាទូទាំងប្រទេស ខណៈចំនួននៃការឆ្លងមេរោគកូវីដ១៩ កំពុងកើនឡើងមិនធ្លាប់មានពីមុនមក។ ទន្ទឹមនោះទីក្រុង ប៉េកាំង បានប្រកាសថា ចាប់ពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៣ អ្នកដំណើរដែលចូលមកក្នុងប្រទេសនឹងមិនត្រូវបានតម្រូវឲ្យដាក់នៅដាច់ដោយឡែកពីគេទៀតនោះទេ៕

ប្រភព៖ CNA

Share.