សិល្បៈ​អន្តរជាតិ​៖ ចាប់​តាំង​ពី​បុរស​សង្ហា​ Song Jong Ki បាន​ទម្លាយ​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​របស់​ខ្លួន​ ក៏​មាន​លេច​ចេញ​នូវ​ព័ត៌មាន​ចចាម​អារ៉ាម​ជា​ច្រើន​ពី​អត្តសញ្ញាណ​មិត្ត​ស្រី​ថ្មី​របស់​គេ​។ បើ​ទោះ​ជា​តារា​រូប​នេះ​បិទ​មាត់​យ៉ាង​ជិត​មិន​ប្រាប់​ថា​នារី​ដែលក្ដោប​បាន​បេះដូង​ខ្លួន​ជា​នរណា​ តែ​មាន​ដំណឹង​លេច​ចេញ​មក​ថា​នារី​ម្នាក់​នោះ​គឺជា​​អតីត​តារា​សម្ដែង​អង់គ្លេស​វ័យ​ ៣៨​ឆ្នាំ​។

ដំណឹង​ដ៏​រសើប​ពីទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​ទម្លាយ​ចេញមក​ទៀត​ គូស្នេហ៍​ថ្មោងថ្មី​បាន​ទៅ​ចូលរួម​កម្មវិធី​រៀបអាពាហ៍ពិពាហ៍ជាមួយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​មិ​ន​ទាន់​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ព្រោះ​ប្រុស​ស្អាត​វ័យ​៣៧​ឆ្នាំ​ មិន​ទាន់​បង្ហើប​ឱ្យ​អ្នក​ណា​បាន​ដឹង​ថា​ខ្លួន​កំពុង​តែ​មាន​ស្នេហា​ថ្មី​។

តាម​ដឹង​សង្សារ​ថ្មី​របស់​ Song Joong Ki នាង​ Katy Louise គឺជា​គ្រូ​បង្ហាត់​ភាសា​អ៊ីតាលី​​ឱ្យ​គេ​នៅពេល​ដែល​គេ​សម្ដែង​ភាពយន្ត​ «Vincenzo» ដែល​តួ​ឯកប្រុស​គឺជា​មេធាវី​ម៉ាហ្វៀ​​អាច​ប្រើ​ប្រាស់​ភាសា​អ៊ិតាលីនិង​កូរ៉េ​។ហើយ​បើ​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​កូរ៉េ​បាន​ឱ្យ​ដឹង​ទៀត​ថា​ Song Joong Ki និង​សង្សារ​ស្រលាញ់​គឺ​បាន​ជាង​១​ឆ្នាំ​ហើយ​។

ដំណឹង​ស្នេហា​រវាង​បុរស​មាន​មន្ដស្នេហ៍​រូប​នេះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទេ​បើ​ប្រៀប​នឹង​ដំណឹង​ចុង​ក្រោយ​ដែល​បាន​ទម្លាយ​ចេញ​មក​ថា​ Katy មាន​កូន​ស្រី​ម្នាក់​អាយុ ​១០​ឆ្នាំ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​រូបថត​​ Katy មាន​ពោះ​ធំ នៅ​ក្នុង​កម្មវិធី​មួយ​នា​​ប្រទេសអ៊ីតាលីកាល​ពីឆ្នាំ​២០១២ ព្រម​ទាំង​រូប​​នាង​ជាមួយ​នឹង​ក្មេង​ស្រី​សក់​ ពណ៌​ទង់ដែង​ ដែល​គេ​អះអាង​ថា​គឺជា​កូន​ស្រី​របស់​នាង​។

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដែល​កំពូល​តារា​សម្ដែង​របស់​ប្រទេស​កូរ៉េ​រូប​នេះ​ទាក់ទង​ជាមួយ​នឹង​ស្ដ្រី​កូន​មួយ​ ប៉ុន្តែ​ជា​សំណាង​ល្អ​ដែល​អ្នក​បញ្ចេញ​មតិ​ជា​ច្រើន​មិន​បាន​វាយ​ប្រហារ​ទៅលើ​បញ្ហា​នេះ​នោះ​ទេ​។

«​Song Joong Ki ធ្លាប់​រៀបការ​ពីមុន​ ខ្ញុំ​មិន​គិត​ថា​នេះ​គឺជា​បញ្ហា​នោះ​ទេ​។» «នេះ​គឺជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ ហេតុ​អី​​យើង​ជា​អ្នក​ដទៃ​សោះ​ត្រូវ​ទៅ​ខ្វល់​?» «សង្ឃឹម​ថា​អ្នក​ទាំងពីរ​នឹងមាន​ក្ដីសុខ​» ទាំង​អស់​នេះ​គឺជា​មតិ​លើក​ឡើង​ខ្លះ​ៗ​របស់​អ្នក​គាំទ្រ​ដែល​លើក​ទឹក​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​គូស្នេហ៍​ទាំង​ពីរ​។

ប្រភព៖ 8days

Share.