ក្រុម​បាល់ទាត់​មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ (ទ័ព) បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​​ព្រះខ័នរាជស្វាយរៀង នៅ​ក្នុង​ប្រកួត​បិទ​ពូល B នៃ​ពានរង្វាន់​ League Cup 2021 By Forward នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ក្រោយ​ប្រកួត​៩០នាទី​ពេញ បញ្ចប់​ទៅ​ក្រុម​​ទាំង​២​ស្មើ​គ្នា ១ទល់១ ដែល​កីឡាករ អ៊ាន ពិសី រក​គ្រាប់​បាល់​ឱ្យ​ព្រះខ័នរាជស្វាយរៀង មុន​នៅ​នាទី​៧៥ ខណៈ​កីឡាករ​ប្រេស៊ីល Romario បាន​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ទ័ព ក្រោយ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច។

លទ្ធផល​នេះ​បាន​​ធ្វើ​ឱ្យ​ក្រុម​​​ទាំង​២ ទាត់​បាល់ប៉េណាំង​ទី​កាត់​សេចក្តី ដើម្បី​រក​អ្នក​ខ្លាំង​ក្នុង​ពូល B ហើយ​ជា​លទ្ធផល​ក្រុម​ទ័ព បាន​យក​ឈ្នះ​ព្រះខ័នរាជស្វាយរៀង ដោយ​​លទ្ធផល ៥ទល់៣។ ដូច្នេះ​ក្រុម​​ទ័ព ឈរ​លេខ១ ហើយ​ព្រះខ័នរាជស្វាយរៀង ឈរ​លេខ២ នៅ​ក្នុង​ពូល B។

សម្រាប់​គម្រោង​ប្រកួត​បន្ទាប់​មាន​ការ​ប្រែប្រួល ដោយ​​ក្រុម​​ព្រះខ័នរាជស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​វិសាខា ហើយ​ក្រុម​ឈ្នះ មាន​កៅអី​ឡើង​ទៅ​ជួប​ក្រុម​ទ័ព នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើង​ឯក។

ចំណែក​​គូ​ប្រកួត​រវាង​ក្រុម អាយ.អេស.អាយ ដង្កោសែនជ័យ ជាមួយ​ក្រុម​វិសាខា នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​ថ្ងៃ​សៅរ៍ ទី ១៩ ខែមិថុនា ឆ្នាំ២០២១ លើ​ទីលាន​បាល់ទាត់​ KMH Park ក្នុង​រាជធានី​ភ្នំពេញ បាន​រំសាយ​ចោល ដោយ​សារ​កីឡាករ​ខាង​ក្រុម អាយ.អេស.អាយ ដង្កោសែនជ័យ មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩។​​

ចំណែក​ព័ត៌មាន​បន្ថែម​នៃ​ការ​កែប្រែ​រូបមន្ត​ប្រកួត​នៅ​ក្នុង​ពានរង្វាន់ League Cup 2021 By Forward ​នេះ​សារព័ត៌មាន​ត្រយង នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ៕

Telegram-Troryorng
Share.