មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ ២០២២នេះ ក្រោយពីបុរសម្នាក់បានយកកាំបិតចាក់ទៅលើនារីម្នាក់បណ្តាលឲ្យរងរបួសជាច្រើន កន្លែងក្រោយពីជនរងគ្រោះបានបដិសេធសំណើសុំស្រឡាញ់របស់ជនសង្ស័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះបានកើតឡើងនៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុផា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យឈ្មោះឈ្មោះ មាស សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជនរងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងសភាពរងរបួសបែកក្បាលដេរ៧ថ្នេរ  ក្រោយពីទៅចង.ក បំណងធ្វេីអត្តឃាត ប៉ុន្តែដាច់ខ្សែធ្លាក់មកបោកក្បាលជាមួយខឿនចង្ក្រានបាយ។

ដោយឡែកជនរងគ្រោះមានរបួសលើផ្ទៃមុខ និងដៃខាងឆ្វេងជាច្រើនកន្លែង និងរបួសចំទ្រូងខាងស្ដាំមួយកន្លែង ដេរសរុបចំនួន៥០ ថ្នេរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា     នៅក្នុងរយៈពេលប្រហែល ០១ឆ្នាំកន្លង មកនេះ ជនសង្ស័យបានតាមសុំស្រឡាញ់ជនរងគ្រោះជាច្រើនលើកច្រើនសារ តែត្រូវជនរងគ្រោះឆ្លើយបដិសេធរហូត។

មុនពេលកើតហេតុប្រហែល ០៤ថ្ងៃ  និងថ្ងៃទី២៩.១២.២០២២  ជនសង្ស័យបានព្យាយាមតាមជនរងគ្រោះដើម្បីសុំស្រឡាញ់បន្តទៀត តែជនរងគ្រោះព្យាយាមគេចពីជនសង្ស័យរហូត។  ចំណែកជនសង្ស័យបានដេីរនិយាយប្រាប់គេថា  បេីមិនបានជនរងគ្រោះធ្វេីជាប្រពន្ធទេ នោះគេនឹងសម្លាប់ជនរងគ្រោះ  ហេីយខ្លួនសុខចិត្តចូលគុក។

 លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកកូនកាំបិតចុងស្រួច ០១ ចូលទៅក្នុងបន្ទប់ ជួលជនរងគ្រោះហើយធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសជាច្រើនកន្លែង បណ្តាលឲ្យផ្អេីលឆោឡោដល់អ្នកជិតខាងរាយការណ៍មកសមត្ថកិច្ច។ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ  ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល។

ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំពុងរៀបចំកសាងសំណុំរឿងបន្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.