អ្នកណាបង្កើតម៉ាស់អនាម័យ ? គេតែងគិតថាម៉ាស់អនាម័យត្រូវបានបង្កើតឡើងដោយគ្រូពេទ្យបស្ចឹមប្រទេស ។ តាមពិតអ្នកដែលបង្កើតម៉ាស់អនាម័យនេះ គឺជាគ្រូពេទ្យចិនម្នាក់ឈ្មោះ វូលាងតិ ( Wu Lien Teh ) ។  

លោក វូលាងតិ

នៅចុងឆ្នាំ ១៩១០ នៅភាគឦសាន នៃប្រទេសចិន ជំងឺពិសប៉េស្ត (bubonic plague) បានផ្ទុះឡើង និងរាតត្បាតរហូតដល់ទីក្រុង ហាប៊ិន (Harbin) ធ្វើឱ្យមនុស្សរាប់សែននាក់បានបាត់បង់ជីវិត ។ រាជការឈិញ បានចាត់តាំងគ្រូពេទ្យល្បីៗជាច្រើនជាបរទេស និង ចិន ដើម្បីរកមធ្យោបាយកម្ចាត់រោគរាតត្បាតនេះ ក្នុងនោះមានវេជ្ជបណ្ឌិត វូលាងតិ​ ផងដែរ ។

ក្រោយពីការអង្កេត លោក វូលាងតិ បានសន្និដ្ឋានថា ជំងឺនេះឆ្លងតាមផ្លូវដង្ហើម ហើយណែនាំអោយប្រើម៉ាស់ ។ ក្នុងពេលនោះ មានគ្រូពេទ្យបស្ចឹមប្រទេសម្នាក់បានចំអកឱ្យ ដោយនិយាយថា «អាចិននេះ និយាយបានតែផ្តាស» ហើយបន្តពិនិត្យរោគដោយមិនប្រើម៉ាស់អ្វីទាំងអស់ ។  ប៉ុន្មានពេលក្រោយមក គ្រូពេទ្យបស្ចឹមប្រទេសនោះឆ្លងជំងឺស្លាប់ទៅ ឯគ្រូពេទ្យ វូលាងតិ ដែលប្រើម៉ាស់នៅតែបន្តការងារលោកដោយមិនមានការប៉ះពាល់អី ដែលនាំឱ្យគេមានជំនឿលើការយល់ឃើញរបស់លោក ។ 

វេជ្ជបណ្ឌិត​ វូលាងតិ​ ជាកូនរបស់ជនជាតិចិន ដែលទៅរស់នៅក្នុងខេត្តប៉េណាំង ប្រទេសម៉ាឡាយូ និង ជាជនជាតិចិនដ៏កម្រនៅក្នុងប្រទេសនេះ ដែលទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតពីប្រទេសអង់គ្លេស ក្រោយមកលោកត្រូវបានតែងតាំងជាអគ្គនាយករងនៃសាលាយោធភូមិន្ទ ក្បែរក្រុងប៉េកាំង៕

ប្រភព៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

Share.