ភ្នំពេញ ៖ រថយន្តFordមួយគ្រឿង ម្ចាស់ទើបទិញបានថ្មីៗ បើកបរច្រហ្គាថាហ្វ្រាំង បោលស្ទុះទៅបុករះ ម៉ូតូកង់បី រថយន្តPrius និងបន្តទៅបុកក្បាលនាគទ្រូងផ្លូវ ប៉ើងខ្ទាត រងខូចខាត កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CA-4544 ដែលម្ចាស់ទើបទិញបានថ្មីៗ បើកបរដោយបុរសម្នាក់ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ច្រឡំជាន់ហ្គាថាហ្វ្រាំង ស្ទុះជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1O-9476 បើកស្របទិស បន្តទៅបុកពីក្រោយរថយន្ត Prius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BH-8745 និងបន្តទៅបុកក្បាលនាគទ្រូងផ្លូវ ប៉ើងខ្ទាត រងខូចខាតរថយន្ត និងម៉ូតូកង់បី ។

ក្រោយកើតហេតុភ្លាមៗ ជៀសវាងកកស្ទះចរាចរណ៍ សមត្ថកិច្ចយករថយន្តទាំង២គ្រឿង ម៉ូតូកង់បីមួយគ្រឿង ដាក់កៀនខាង និងយកគ្រឿងចក្រទៅលើក ក្បាលនាគ ដាក់ទៅកន្លែងដើមវិញ ទុកឱ្យភាគីទាំង៣និយាយសម្របសម្រួលគ្នា ដោយខាងរថយន្តFord យល់ព្រមទទួលខុសត្រូវ ចេញលុុយថ្លៃជួសជុល និងខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.