សិល្បៈ​អន្តរជាតិ​៖ ដំណឹងស្នេហា​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រភ្ញាក់​ផ្អើល​ព្រោះ​នឹក​ស្មាន​មិន​ដល់​រវាង​បុរស​សង្ហា​បបូរ​មាត់​ព្រែក Lee Jong Suk និង​តារា​ចម្រៀង​រាង​តូច​ច្រឡឹង​ IU នៅ​តែ​ស្ថិត​ក្រោម​ការ​តាមដាន​និង​ចង់​ដឹងចង់​ឮ​ពី​សំណាក់​អ្នក​គាំទ្រ​។ ជា​ការ​ពិត​ណាស់​ IU គឺជា​​នារី​សាច់​ក្រអូb​ដែល​មាន​កន្លង់​ជា​ច្រើន​ប៉ងប្រាថ្នា​ ប៉ុន្តែ​ ​បុប្ផាមួយ​ទង​នេះ​មាន​ម្ចាស់​ថែរក្សា​រួច​ទៅ​ហើយ​ ក្រោយ​ទំនាក់​ទំនងស្នេហា​ត្រូវ​បាន​សារព័ត៌មាន​ Dispatch ទម្លាយ​ជា​សាធារណៈ​។

មែនទែន​ទៅ​ស្រីស្អាត​ IU មិន​មែនទើប​តែ​ត្រូវ​សារ​ព័ត៌មាន​ផ្សាយ​ពី​ចំណង​ស្នេហា​របស់​នាង​ជា​លើក​ដំបូង​នោះ​ទេ​ ព្រោះ​កន្លងៗ​មក​ស្រី​តូច​រូប​នេះ​ក៏​ធ្លាប់​ប្រកាស​ពី​ទំនាក់​ទំនងស្នេហា​របស់​ខ្លួន​ ក៏​ដូច​ជា​ត្រូវ​សារ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ដំណឹង​ចចាមអារ៉ាម​ស្នេហា​ផង​ដែរ​? តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ IU ធ្លាប់​​ប្រកាស​ថា​ខ្លួន​មាន​សង្សារ​ប៉ុន្មាន​ដង ហើយ​ត្រូវ​សារព័ត៌មាន​ចុះផ្សាយ​រឿង​អាស្រូវ​ស្នេហាថា​ធ្លាប់​ទាក់ទង​នឹង​បុរស​​​ណាខ្លះ​?

រឿង​រ៉ាវ​ស្នេហា​របស់​ IU តែងតែ​ត្រូវ​សាធារណជន​ចាប់​អារម្មណ៍​និង​តាមដាន​ជា​និច្ច សូម្បី​តែ​ពេល​ដែល​នាង​ចេញ​បទ​ចម្រៀង​ថ្មី​ដែល​មាន​អត្ថន័យ​ផ្អែមល្ហែម​ ក៏​ត្រូវ​បាន​គេ​លើក​សេចក្ដី​សន្និដ្ឋាន​ថា​ IU ប្រហែល​ជា​កំពុងតែ​មាន​ស្នេហា​។ កត្តា​ទាំង​អស់​នេះ​ហើយ​ធ្វើ​ឱ្យ​ IU ជា​រឿយៗ​តែងតែ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ទាញ​ភ្ជាប់​នឹង​ព័ត៌មាន​ស្នេហា​ រហូត​សាមី​ខ្លួន​ត្រូវ​ចេញ​មក​បដិសេធ​ដំណឹង​ចចាមអារ៉ាម​ទាំង​អស់​នេះ​ថា​មិនមែន​ជា​ការ​ពិត​ដោយ​ផ្ទាល់​ខ្លួន​។ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ដំណឹង​ចចាមអារ៉ាម​ស្នេហា​ទាំង​អស់​នោះ​ មាន​មួយ​ចំនួន​ដែរ​ដែល​ IU ហ៊ាន​ទទួល​ស្គាល់​ថា​កញ្ញា​ពិត​ជា​ទាក់ទង​ជាមួយ​នឹង​បុរស​នោះ​ពិត​ប្រាកដ​មែន​។

ចាប់​តាំង​ពីបោះ​ជំហាន​ចូល​ប្រឡូក​សិល្បៈ​នា​ឆ្នាំ​២០០៨ IU ធ្លាប់​ជួប​រឿង​អាស្រូវ​ស្នេហា​រាប់​មិន​អស់​ ប៉ុន្តែ​ដំណឹង​ស្នេហា​ដែល​ល្បីល្បាញ​និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​នៅ​ក្នុង​ឆ្នាំ​២០១២ បន្ទាប់​ពី​មាន​រូប​ភាព​ IU និង​ Eunhyuk សមាជិក​ Super Junior បែក​ធ្លាយ​ចេញ​មក​ខាង​ក្រៅ​ រហូត​មាន​ដំណឹង​លេច​ឮ​តៗ​គ្នា​ពី​សម្ព័ន្ធ​ភាព​របស់​អ្នក​ទាំង​ពីរ​ ប៉ុន្តែ​ក្រោយ​មក​ផលិត​កម្ម​គ្រប់​គ្រង​លើ​ IU បាន​ចេញ​មក​បដិសេធ​ព្រម​ទាំង​បញ្ជាក់​ថា​អនក​ទាំង​ពីរ​គឺជា​សិស្ស​ច្បង​សិស្ស​ប្អូន​​ក្នុង​វិស័យ​សិល្បៈ​ដែល​ស្និតស្នាល​គ្នា​ខ្លាំង​ប៉ុណ្ណោះ។

មួយ​ឆ្នាំ​ក្រោយ​មក​ពោល​គឺ​នៅ​ឆ្នាំ​ 2013 សារព័ត៌មាន​ Dispatch បាន​​​ទម្លាយ​រូបភាព IU និង​ Lee Hyun-woo ដែល​មើល​ទៅ​ដូច​ជា​កំពុង​តែ​ណាត់​ជួប​គ្នា​ ប៉ុន្តែ​ភ្លាម​ៗ​នោះ​តំណាង​ឱ្យ​ភាគី​ខាង​ IU បាន​ចេញ​មក​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត​ អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​នឹង​គ្នា​ប៉ុណ្ណោះ ដោយ​ក្រោយ​មក​អ្នក​ទាំង​ពីរ​បាន​ត្រលប់​មក​រួម​ការងារ​សម្ដែង​ជាមួយ​គ្នា​ម្ដង​ទៀត​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​រវាង​អ្នក​ទាំង​ពីរ​គឺ​ជា​មិត្ត​ជិត​ស្និទ្ធិ​នឹង​គ្នា​ពិត​ប្រាកដ​មែន​។

ក្រោយ​ត្រូវ​ចេញ​មក​បដិសេធ​ចំពោះ​ដំណឹង​ស្នេហា​នេះ​រហូត​ដល់​ទៅ​២​ដង​ នៅ​ឆ្នាំ​២០១៥​ សារព័ត៌មាន​ Dispatch ក៏​បាន​ចេញ​ព័ត៌មាន​រឿង​ស្នេហារបស់​ IU ជា​ថ្មីម្ដង​ទៀត​ ដោយ​លើក​នេះ​ព័ត៌មាន​បាន​លើក​ឡើង​ថា​នាង​កំពុង​តែ​សេពគប់​មើល​ចិត្ត​គ្នា​ជាមួយ​នឹង​តារារៀម​ច្បង​ដែល​មាន​អាយុ​លើស​ខ្លួន​រហូត​១១​ឆ្នាំ​ ឈ្មោះ​ Chang Kiha ដោយ​អ្នក​ទាំងពីរ​ស្គាល់​គ្នា​ដំបូង​កាល​ពី​ឆ្នាំ​២០១៣។ ម្ដង​នេះ​តំណាង​  IU មិន​បាន​ចេញ​មក​បដិសេធ​ដូច​រាល់​ដង​នោះ​ឡើយ​ ប៉ុន្តែបាន​ចេញ​មក​ទទួល​ស្គាល់​ថា​អ្នក​ទាំងពីរ​ពិត​ជា​ស្រលាញ់​គ្នា​ពិត​មែន​ ប៉ុន្តែ​គួរឱ្យ​ស្ដាយ​ ស្រលាញ់​គ្នា​បាន​ត្រឹម​២​ឆ្នាំ​ ចំណងស្នេហ៍​អ្នក​ទាំងពីរ​បាន​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៧​។

ក្រោយ​បែក​សង្សារ​​​មាន​ដំណឹង​ថា​ IU មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ Lee Jun Ki និង Kang Ha Neul ដែល​ជា​បាន​សម្ដែង​​ភាពយន្ត​ Moon Lovers: Scarlet Heart Ryeo ជាមួយ​គ្នា​ ក្នុង​ឆ្នាំ​២០១៨​ដដែល​នេះ​​ក៏​មាន​ដំណឹង​ថា​ IU កំពុង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ ZICO ដែល​ជា​មិត្ត​ភក្ដិ​ស្គាល់​គ្នា​១០​ឆ្នាំ​ ប៉ុន្តែ​អ្នក​ទាំងពីរ​បាន​ចេញ​មក​បដិសេធ​ ហើយ​ទទួល​ស្គាល់​ថា​គ្រាន់​តែ​ស្និតស្នាល​នឹង​គ្នា​ប៉ុណ្ណោះ​។ យ៉ាង​ណា​មិញ​ធ្លាប់​មាន​អ្នក​សង្ស័យ​ពីទំនាក់ទំនង​ IU និង​ Yoo Jin Goo ដែល​ជា​តួ​ឯក​ប្រុស​សម្ដែង​រឿង Hotel De Luna ដោយ​រឿង​នេះ​នៅតែ​ស្ថិត​ក្នុង​ការសង្ស័យ​ព្រោះ​មិន​មាន​ភាគី​ណា​ចេញ​មក​ទទួល​ស្គាល់​ឬបដិសេធ​នោះ​ឡើយ​។

ដំណឹង​ស្នេហា​ IU ចាប់​ផ្ដើម​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​នៅពេលដែល​នាង​បញ្ចេញ​បទ​ចម្រៀង​ «Strawberry Moon» ដែល​មាន​អត្ថន័យ​ពោរពេញ​ទៅ​ដោយ​ស្នេហា ព្រោះ​មាន​អ្នក​សង្ស័យ​ថា​ IU អាច​កំពុង​មាន​ស្នេហា​ ទើប​អាច​សរសេរ​អត្ថបទ​ចម្រៀង​ផ្អែមល្ហែម​បែបនេះ​បាន​។ ក្នុង​នោះ​មាន​អ្នក​ទាយ​ពី​ឈ្មោះ​តារា​ប្រុស​ដែល​អាច​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍ជាមួយ​នឹង​ IU ដូច​ជា​  Park Seo-joon, Baekhyun EXO, Suga BTS, Joongkok BTS, Sung Si-kyung ,G-Dragon ប៉ុន្តែ​នេះ​គ្រាន់​តែ​ការ​ទាយ​របស់​អ្នក​គាំទ្រ​ប៉ុណ្ណោះ​។

IU ក៏​ធ្លាប់​មាន​ដំណឹង​ស្នេហា​ជាមួយ​នឹង​បុរស​សង្ហា Yoo Ah In បន្ទាប់​ពី​អ្នក​ទាំងពីរ​បាន​ទៅ​ចូលរួម​កម្មវិធី​ Fashion Show នៅ​អ៊ីតាលីជាមួយ​គ្នា​ដោយ​ចៃដន្យ​ ហើយ​ក្រោយ​មាន​ទៀត​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​អ្នក​ទាំងពីរ​លួច​ណាត់​គ្នា​ទៅ​ដើរ​លេង​នៅ​ប៉ារីស​។

យ៉ាងណាមិញ​ដំណឹង​ចចាមអារ៉ាម​ទាំងអំបាល​ម៉ាន​បាន​សាបរលាបអស់​ហើយ​ការ​ពិត​បាន​លេច​ឡើង​នៅពេល​ដែល​សារព័ត៌មាន​ Dispatch បាន​ទម្លាយ​រូប​ភាព​ព្រម​ទាំង​ដំណឺង​ស្នេហា​រវាង​ IU និង​ Lee Jung Suk កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២២ ដោយ​បញ្ជាក់​ថា​អ្នក​ទាំងពីរ​ស្រលាញ់​គ្នា​បាន​៤​ខែ​ហើយ​។ ជា​ថ្មី​ម្ដង​ទៀត​ផលិត​កម្ម​តំណាង​ឱ្យ​តារា​ទាំង​ពីរ​ដួង​បាន​ចេញ​មក​ទទួល​ស្គាល់​ថា​អ្នក​ទាំងពីរ​ពិត​ជា​កំពុង​ស្រលាញ់​គ្នា​មែន​ ដែល​ធ្វើ​ឱ្យ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​ទាំងពីរ​ក្លាយ​ជា​ដំណឹង​ធំចុង​ឆ្នាំ​២០២២​។

សូម​ជូន​ពរ​គូស្នេហ៍​ថ្មោងថ្មី ឱ្យ​ស្រលាញ់​គ្នា​​និង​ឆ្លងកាត់​ឧបសគ្គ​ទាំងអស់​ជាមួយ​គ្នា​ និង​អាច​កាន់​ដៃ​គ្នា​ចូលរោង​ការ​ឆាប់​ៗ​នេះ​៕

ប្រភព៖ បរទេស

Share.