ឯកឧត្ដម ស សុខា ប្រធានគណៈ​កម្មការរៀប​ចំការ​ប្រកួត​ពាន​រង្វាន់ Soccer League លើកទី៦ រដូវកាលថ្មី​ឆ្នាំ២០២៣ បានមានប្រសាសន៍ថា៖ «ក្រោមការ​ចង្អុល​បង្ហាញ​ពី​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហ​ព័ន្ធយុវជន​កម្ពុជា(ស.ស.យ.ក)  ការរៀប​ចំការ​ប្រកួត​ពាន​រង្វាន់ Soccer League នឹង​គ្រោង​រៀប​ចំឲ្យ​បាន​១០រដូវ​កាល»។ ការលើកឡើងនេះក្នុងពិធីស្និសីទសាព័ត៌មាន និង​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​ការ​ប្រកួតកីឡាបាល់ទាត់​ពាន់​រង្វាន់ Soccer League លើក​ទី៦ ឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

​ឯកឧត្ដម ស សុខា បន្ត​ថា៖«ដោយ​លើក​នេះ​គឺ​ជា​លើក​ទី​៦​ហើយ ដូច​នេះ​នៅ​សល់​៤ឆ្នាំបន្ទាប់​ទៀត ហើយ​នឹង​បន្ត​ឲ្យ​អ្នក​ជំនាន់ក្រោយធ្វើ​ការ​រៀប​ចំបន្ត​ទៀត។ ឯកឧត្ដម លើកឡើង​ថាការប្រកួត​ពាន​រង្វាន់​ពាក់​កណ្ដាលអាជីពនេះ មិន​ផ្ដោត​សំខាន់តែ​លើការប្រកួតប្រជែងយកឈ្នះចាញ់ ​តែអ្វីដែល​ជាគោលដៅ​សំខាន់ គឺ​ការចូលរួមដើម្បីសុខភាព ​មិត្តភាព និងសាមគ្គីភាព រវាងក្រសួង-ស្ថាប័ននីមួយៗ ក៏ដូច​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​យុវជន​ផងដែរ»។

ឯកឧត្ដម បន្ថែម​ថា «ការ​រៀប​ចំ​ប្រកួត​ពាន​រង្វាន់​នេះ​គឺ​ដើម្បី​ឲ្យកីឡាករ​បង្កើន​ភាព​ស្និត​ស្នាល លើស​ពី​នេះក៏នឹង​អាច​ជួយ​ឱ្យ​កម្ពុជា​ស្វែង​រក​បាន​កីឡាករ​ឆ្នើម​ៗ​ពីព្រឹត្តការណ៍​នេះ ដោយកន្លង​មកក៏ធ្លាប់​​មាន​កីឡាករ​ចេញ​ពី​ក្រុម​លេង​នៅ Soccer League ​នេះ ចូល​រួម​ក្នុង​ក្រុម​អាជីព​នៅ​លីគ​កំពូល​កម្ពុជា​ផង​ដែរ»។

​ពាន​រង្វាន់ Soccer League លើកទី៦ រដូវកាលថ្មី​ឆ្នាំ២០២៣មាន​ក្រុម/ក្លិប​ចូល​រួម​សរុប​ដល់ទៅ​៧៤​ក្រុម ក្រុម​បុរស​មាន​ចំនួន ៦៤ក្រុម និង​ក្រុម​នារីមាន​ចំនួន ១០​ក្រុម និង​មាន​ប្រាក់​រង្វាន់​កើនដល់២៥លានរៀល សម្រាប់​ជ័យលាភីលេខ១។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Soccer League លើកទី៦ ​ឆ្នាំ២០២៣ នឹង​ចាប់ផ្ដើម​ការ​ប្រកួត​ពី​ថ្ងៃ​ទី​០៧​ ខែ​មករា ​ដល់​ថ្ងៃ​ទី​០៥ ​ខែកុម្ភៈ ឆ្នាំ​២០២៣​ ខាងមុខ ​ដោយ​គ្រោង​ប្រើប្រាស់​ទីលាន​ចំនួន៩ និង​កីឡដ្ឋាមួយ​ចំនួន​ទៀតដើម្បីធ្វើ​ការ​ប្រកួត៕

Share.