ស្រុកល្វាឯម៖ ឆ្លងកាត់ការប្រកួតអស់រយ:ពេលជិត២ខែកន្លងមកនេះ ជាមួយការប្រកួតស្វិតស្វាញជាច្រើនជុំ ទាំងក្នុងពូល វគ្គ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពេលនេះបានរកឃើញក្រុមជើងខ្លាំងចំនួនពីរក្រុមគឺ ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង និងអធិរាជជ្រោយពិសី ដោយត្រូវប៉ះគ្នានៅវគ្គពិសេស នៃពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំ ស្រុកល្វាឯម ឆ្នាំ២០២៣។

ខាងក្រោមនេះជាប្រវត្តិរបស់ក្រុមជើងខ្លាំងទាំងពីរមុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ៖
-ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង ស្ថិតនៅពូល B ដែលបានឡើងមកកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយបានយកឈ្នះលើក្រុមយុវជនភូមិល្វាសរ ដោយលទ្ធផល ២-១ ហើយបន្តឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដោយបានបន្តយកឈ្នះលើក្រុមបាល់ទាត់យុវជនភូមិសារិការកែវ ដោយបាល់កាត់សេចក្តី១១.ម៉ែត្រ បន្ទាប់ពីស្នើគ្នា ១-១ ដោលលទ្ធផល ៤-២។

រូបភាព៖ ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង

-ក្រុមបាល់ទាត់យុវជនអធិរាជជ្រោយពិសី ស្ថិតនៅពូល C ដែលបានឡើងមកកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយបានយកឈ្នះលើក្រុមយុវជនភូមិបារ៉ុង ដោយលទ្ធផល ៩-០ ហើយបន្តឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដោយបានបន្តយកឈ្នះលើក្រុមបាល់ទាត់យុវជនភូមិព្រែកឬស្សី ដោលលទ្ធផល ៣-០។

រូបភាព៖ ក្រុមបាល់ទាត់យុវជនអធិរាជជ្រោយពិសី

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ វេលាម៉ោង ២:០០នាទីរសៀល ដោយឡែកការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ រវាងក្រុមបាល់ទាត់យុវជនភូមិព្រែកឬស្សី និងក្រុមបាល់ទាត់យុវជនភូមិសារិការកែវ នឹងចាប់ផ្តើមនៅម៉ោង ៨:៣០ នាទីព្រឹក នៅទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល៕

Share.