ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានបញ្ហា ទុក្ខ បញ្ហាវិប្បត្តិអ្វី ដើរឡើងទៅលើស្ពានជ្រោយចង្វារ គ្រាន់តែដាក់ទម្លាក់សាក់កាដូចុះ ដោះស្បែកជើង ហក់លោតចុះពីលើស្ពាន លង់លិចបាត់ខ្លួន បន្សល់ទុកតែស្បែកជើង សម្ភារៈ នៅលើស្ពាន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បុរសរងគ្រោះ បើមើលតាមវិក្កយបត្រទិញទូរស័ព្ទ មានឈ្មោះ សាវុធ សាំយូអ៊ែល មិនដឹងថា ផ្ទះសម្បែងនៅដល់ណា មានបញ្ហា ទុក្ខវិប្បត្តិរឿងអ្វី បានជាសម្រេចចិតបញ្ចប់ជីវិតខ្លួនឯងបែបនេះ ។ សម្ភារៈបន្សល់ទុក ក្នុងសាក់កាដូ លុយកាក់ កំប៉ុងដាក់ទឹក ទូរស័ព្ទ i phone 12 មួយគ្រឿង មួក និងស្បែកជើងផ្ទាត់មួយគូ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ដើរថ្មើរជើងឡើងលើស្ពានជ្រោយចង្វារថ្មី ពីកើតទៅលិច តែគ្មានអ្នកណាចាប់អារម្មណ៍ ស្មានតែអ្នកដំណើរធម្មតា ដើរស្ពាយសាក់កាដូ លុះដល់ខាងលើ គ្រាន់តែដាក់ទម្លាក់សាក់កាដូចុះ ដោះស្បែកជើង ហក់លោតចុះតែម្តង លង់លិចបាត់ខ្លួន សូម្បីតែអ្នកដំណើរក្បែរខាងចាប់មិនទាន់ផង ។

ក្រោយកើតហេតុ សមត្ថកិច្ចប្រចាំគោលដៅស្ពាន ប្រមូលសម្ភារៈរបស់ជនរងគ្រោះទៅរក្សាទុក និងប្រកាសអំពាវនាវដល់សាធារណៈជន បើបាត់សមាជិកគ្រួសារ ដែលមានឈ្មោះដូចខាងលើ សូមទាក់ទងទៅនគរបាលខណ្ឌជ្រោយចង្វារ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.