មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់បានរងបួសក្នុងហេតុការណ៍ជម្លោះ មួយរវាងគ្រួសារស្ត្រីជនរងគ្រោះនិងជនបង្កដែលគេស្គាល់ថា ជាសង្សាររបស់នារីដែលជាកូនស្រីរបស់ជនរងគ្រោះ។ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០នាទីនៅចំណុច ភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង សុភា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ទីលំនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យពាក់ព័ន្ធនឹងហេតុការណ៍ហិង្សានេះមានគ្នា ចំនួន ០៤នាក់រួមមាន៖

១-ឈ្មោះ តេង មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃភក្តី ឃុំព្រៃភក្តី ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន ម្ចាស់ដុំថ្ម) ។

២-ឈ្មោះ តេង វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន ម្ចាស់ឆ្នាំងតូច)។

៣-ឈ្មោះ ម៉ុន វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។

៤-ឈ្មោះ ឡេង ចាន់និត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

យើងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា នៅមុនពេលកើតហេតុ  មានឈ្មោះ អឿន ចាន់រី ហៅ ទិន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិព្រៃភក្តី ឃុំព្រៃពួច និងឈ្មោះ វណ្ណា ណែត ភេទប្រុស អាយុ២១ឆ្នាំ ជាសង្សារដែលស្រលាញ់គ្នារយៈពេលជាង ០២ខែហើយ និងបានចេញចូលផ្ទះទៅវិញទៅមកជាញឹកញាប់។

លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ  ឪពុកឈ្មោះ អឿន អុីម បានទៅហៅកូនស្រីរបស់ខ្លួនឱ្យត្រឡប់ទៅផ្ទះវិញ តែឈ្មោះ អឿន ចាន់រី ជាកូនមិនព្រមទៅឡើយដោយនិយាយថាខ្លាចឪពុកវាយ។ ក្រោយមកក៏មានក្រុមគ្រួសាររបស់ឈ្មោះ អឿន ចាន់រី បានដល់ក៏បានជេរប្រមាថគ្នាទៅវិញទៅមក បន្ទាប់មកភាគីខាងជនសង្ស័យបានព្រួតគ្នាវាយទៅលើជនរងគ្រោះបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល របួសបែកក្បាលខាងមុខ ០២កន្លែង ផ្នែកខាងក្រោយ ០១កន្លែង ដេរសរុបចំនួន ១៧ថ្នេរ និងរបួសជាំខ្នង។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្អែក ស្រុកអង្គស្នួល ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ តេង មករាបានឲ្យដឹងថា ឈ្មោះ តេង វិសាល, ឈ្មោះ ម៉ុន វុទ្ធី និងឈ្មោះ ឡេង ចាន់និត បាននាំគ្នាព្រួតវាយទៅលើជនរងគ្រោះពិតមែន។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង បន្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.