រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២១ ខែមិថុនា ២០២១។ 

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោបានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។

ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ៕

Share.