អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា អ្នកធ្វើដំណើរមកពីប្រទេសចិន អាចចូលមកប្រទេសនេះដោយមិនចាំបាច់មានការធ្វើតេស្ដរកមេរោគកូវីដ១៩នោះទេ ដោយសង្ឃឹមថា ការធ្វើបែបនេះអាចជួយឲ្យវិស័យទេសចរណ៍របស់ប្រទេសងើបឡើងវិញពីវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ០៦ ខែ មករា ឆ្នាំ ២០២៣។

ប្រទេសចិនបានជួបប្រទះនឹងការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ ហើយមន្ទីរពេទ្យ និង កន្លែងបូជាសពរបស់ខ្លួនបានស្ទះកកកុញ បន្ទាប់ពីទីក្រុង ប៉េកាំង បានបន្ធូរបន្ថយការរឹតបន្ធឹងការទប់ស្កាត់មេរោគកូវីដ១៩ កាលពីខែ ធ្នូ ឆ្នាំ ២០២២។

ប្រទេសថៃជាប្រទេស១ ដែលប្រកាសមិនធ្វើតេស្ដលើអ្នកដំណើរមកពីប្រទេសចិន ខណៈសហរដ្ឋអាមេរិក កាណាដា ជប៉ុន និង បាំរាំង បាននឹងកំពុងដាក់ចេញនូវច្បាប់ថ្មីដែលតម្រូវឲ្យអ្នកធ្វើដំណើរមកពីប្រទេសចិន ចាំបាច់ត្រូវធ្វើតេស្ដរកមេរោគកូវីដ១៩ ស្របពេលដែលមានការព្រួយបារម្ភពីការកើនឡើងនៃអ្នកឆ្លងមេរោគដ៏កាចសាហាវនេះ។

រដ្ឋមន្រ្តីសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា «ប្រទេសថៃ មិនទាមទារលទ្ធផលតេស្ដរកមេរោគកូវីដ១៩ ពីអ្នកទេសចរមកពីប្រទេសណាមួយនោះទេ។ មានន័យថា ក្រៅពីអ្នកដំណើរមកពីប្រទេសចិន ក៏មិនចាំបាច់ធ្វើតេស្ដអ្វីដែរ»។

យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសចិន គឺជាប្រភពនៃអ្នកទេសចរបរទេសដ៏ធំបំផុតសម្រាប់ប្រទេសថៃ មុនពេលជំងឺរាតត្បាតកូវីដ១៩ ដោយកាលពីឆ្នាំ ២០១៩ មានអ្នកទេសចរមកពីប្រទេសចិនចំ​នួនជិត ១១លាននាក់ បានមកកំសាន្ដនៅប្រទេសថៃ។

លោក Anutin បានលើកឡើងថា «នេះគឺជាឱកាសមួយដើម្បីស្ដារស្ថានភាពសេដ្ឋកិច្ចរបស់យើងឡើងវិញ និង ងើបឡើងវិញពីការខាតបង់ដែលយើងបានរងទុក្ខអស់រយៈពេលជិត ៣ឆ្នាំ»។

យ៉ាងណាម៉ិញ លោក Tanes Petsuwan អភិបាលរងនៃអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា «លោករំពឹងថានឹងមានជនជាតិចិនប្រហែល ៦០,០០០នាក់ ចូលមកប្រទេសថៃក្នុងដើមខែនៃឆ្នាំ ២០២៣នេះ ហើយចំនួនអ្នកមកកំសាន្ដនឹងមានការកើនឡើងជាលំដាប់»។

សូមជម្រាបថា វិស័យទេសចរណ៍ថៃមានចំនួនជិត ២០ភាគរយ នៃប្រាក់ចំណូលជាតិមុនពេលជំងឺកូវីដ១៩ រាតត្បាតជុំវិញពិភពលោក ដោយការរឹតបន្តឹងនៅតំបន់ព្រំដែនដ៏តឹងរឹងបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ដោយសណ្ឋាគារ ភោជនីយ៍ដ្ឋាន ជាច្រើនបានបិទទ្វាជាបន្ដបន្ទាប់៕

ប្រភព៖ CNA

Share.