ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ចុះហែលទឹកប្រឡាយ ស្រាប់តែលង់លិចស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅប្រឡាយតាហោ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ យ៉េង សុខចាន់ ហៅចេក ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ បុរីចន្ធគិរី ក្បែរកន្លែងកើតហេតុ ស្នាក់នៅការដ្ឋានសំណង់ ជាបុរសពោះម៉ាយ កូន៣នាក់ មានទីលំនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានស្រុកកំណើតឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចុះហែលទឹកប្រឡាយ ពីម្ខាងទៅម្ខាង មិនទាន់ផុតផង ស្រាប់តែលង់លិចបាត់ ទើបកម្មករ ប្រជាពលរដ្ឋផ្អើលឆោឡោ នាំគ្នាចុះរាវរក ស្រង់បាន ស្លាប់បាត់ជីវិត ។

ក្រោយពីស្រង់បានសាកសពយកឡើងគោក សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារចាតើចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.