កីឡាការិនីស្នូកឃ័រ​ឆ្នើម​របស់កម្ពុជា លោកស្រី ស្រួង ភាវី បាន​គ្រងតំណែងជើងឯក​លើក​ដំបូង ក្នុង​ការ​ប្រកួត​កីឡា​ស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅ​សាធារណរដ្ឋ​កូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយ​លទ្ធផល​ ៣-១​សិត នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ នេះ​បើ​តាម​ការ​បញ្ជាក់​​លើ​ហ្វេសប៊ុក​ Cambodia SEA GAMES 2023។

ការ​ប្រកួត​នេះ​ធ្វើ​ឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ហើយ​នេះ​ជា​លើក​ដំបូងហើយ ដែល​​កីឡា​ការិនី​កម្ពុជា រូប​នេះ​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរ​ជាតិ​ដ៏​ធំ​នេះ បន្ទាប់​ពី​លោកស្រី​បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុម​ហ៊ុន​ Blue One Resort រយៈពេល ១ឆ្នាំ។

ការ​ប្រកួត​នេះ​មាន​កីឡា​ការិនី​ចូលរួម​សរុប​ ៦៤​នាក់ សុទ្ធ​សឹង​ជា​ជើង​ខ្លាំង​កម្រិត​ពិភពលោក។ ទម្រាំ​អាច​បង្កើត​កំណត់​ត្រាថ្មី​លើ​ទឹកដី​កូរ៉េ លោក​ស្រី​បាន​ឆ្លងកាត់ការប្រកួតជាច្រើនវគ្គ រហូត​បាន​ឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ះកីឡាការិនីមានបទពិសោធយូរឆ្នាំ Kim Gayoung ហើយ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើង​ឯក គឺ​កាន់​តែស្វិតស្វាញថែមទៀត ដោយកីឡាការិនីកូរ៉េរូបនេះ បានបើកការនាំមុខ ១១-៧ពិន្ទុមុន នៅសិតទី១។ បន្ទាប់មកទើបកីឡាការិនី ស្រួង ភាវី វាយបកយកឈ្នះវិញ ៣សិតជាប់គ្នា ក្នុងពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បីគ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship។

លោកស្រី ស្រួង ភាវី បន្ដថា ការប្រកួតនេះពិតជាមានភាពតានតឹង និងជាការប្រកួតប្រជែងខ្លាំង បើ​ធៀប​នឹង​ការ​ប្រកួត​ផ្សេងៗ​នៅ​កូរ៉េ ដ្បិតកីឡាការិនីចូលរួម ត្រូវបានជ្រើសរើស និង​សម្រិត​សម្រាំង​សុទ្ធ​តែ​ជា​ជើង​ខ្លាំង ទាំង​កីឡា​ការិនី​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ដោយ​ក្រុមហ៊ុន​ដែល​បាន​ចុះឈ្មោះ​ចូលរួម។ ដូច្នេះ​លោក​ស្រី​ពិត​ជា​មាន​មោទនភាព និង​បាន​ចាត់​ទុក​សមិទ្ធផល​ ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​មួយ​នេះ គឺ​ជា​កាដូ​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស និងប្រជាជនកម្ពុជា រួម​ទាំង​អ្នក​គាំទ្រ​របស់​លោក​ស្រីនៅប្រទេសកូរ៉េផងដែរ។

ជាមួយការដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ។ លើសពី​នេះ ​ប្រជាជនកូរ៉េជាច្រើន បានសម្ដែងការគោរពស្រលាញ់ ហើយចាត់ទុកលោកស្រី គឺជា “នារីខ្លាំង” ម្នាក់​ទៀតផង បន្ទាប់ពីលោកស្រីធ្លាប់ដណ្ដើមបានជើងឯកថ្នាក់ជាតិជាច្រើនសម័យ នៅ​សាធារណរដ្ឋ​កូរ៉េ មុននឹងដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship លើ​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​នៅកូរ៉េមួយនេះ៕

Telegram-Troryorng
Share.