នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានប្រកាសនាំចូលខ្សែបម្រើស្លាប ឡុង ភារ៉ាត់ ត្រៀមសម្រាប់ពានរង្វាន់នានា នៅរដូវកាល ២០២៣-២៤ នេះ។

ឡុង ភារ៉ាត់ គឺអតីតយុវជនថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីឆ្នាំ  ២០១១ ដោយរួមរស់នៅកីឡដ្ឋាន RSN នេះអស់រយ:ពេល ៥ឆ្នាំ មុនចូលរួមជាមួយវេស្ទើនភ្នំពេញ ក្នុងឆ្នាំ២០១៦។

នៅឆ្នាំ ២០១៨ ឡុង ភារ៉ាត់ បានផ្លាស់ទៅចូលរួមជាមួយក្លិបសូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅទឹកដីសៀមរាប លុះដល់ឆ្នាំ ២០១៩ ទើបបន្តផ្ទេរទៅចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ ខណ:ដើមឆ្នាំ ២០២២ ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។

គួរដឹងថាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរចំនួនបួនរូបមានដូចជា៖ ឃៀង ម៉េងហួរ រស់ គង់សំរេច ត្រាយ វិចិត្រ និងឡុង ភារ៉ាត់។

ថ្មីៗនេះភ្នំពេញក្រោន ក៏បានប្រកាសបន្តកិច្ចសន្យាចំនួន ១រដូវកាលបន្ថែមទៀត ជាមួយខ្សែបម្រើប្រយុទ្ធ Valerii Grishiin, ខ្សែការពារ Takaki Ose, ខ្សែប្រយុទ្ធ Rafael Andrés Nieto និងខ្សែបម្រើ Yudai Ogawa ក្រោយជួយឲ្យក្លិបឈ្នះលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២២។

ក្នុងនោះផងដែរ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានបន្តកិច្ចសន្យាជាមួយគ្រូបង្វឹកលោក Oleg Starynskyi រយ:ពេល២រដូវកាលបន្ថែមទៀត បន្ទាប់ពីគ្រូបង្វឹកកាន់សញ្ញាប័ត្រ UEFA A-License រូបនេះបានដឹកនាំក្លិបឈ្នះលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ជាពិសេសគឺទទួលបានជោគជ័យខ្លាំងនារយៈពេល ២ឆ្នាំកន្លងមកនេះ។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានប្រកាសនាំចូល អ្នកចាំទី អ៊ុំ វិចិត្រ ជាលើកទីពីរ បន្ទាប់ពីចែកផ្លូវជាមួយ Tiffy Army FC មុនសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Fareed Sadat៕

Share.