យោងតាមការចុះផ្សាយរបស់ Marca សារព័ត៌មានអេស្ប៉ាញ បានចុះផ្សាយថាស្តេចបាល់ទាត់សទវត្សទី២១ គឺខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ត្រៀមប៉ះគ្នាសារជាថ្មី ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ។
ចាប់តាំងពីខ្សែប្រយុទ្ធ Cristiano Ronaldo ផ្លាស់មកកាន់ Saudi Professional League ឬ Saudi Pro League លីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គ្រប់គ្នានៅមិនទាន់ឃើញកីឡាករវ័យ ៣៧ឆ្នាំរូបនេះបង្ហាញខ្លួននៅឡើយនោះទេ។
មូលហេតុដែល Ronaldo មិនទាន់អាចបង្ហាញខ្លួនឲ្យក្លិប Al Nassr បានគឺដោយសារតែសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា «FA» ពិន័យចំនួន២ប្រកួត ត្រង់ចំណុច CR7 បោកទូរសព្ទអ្នកគាំទ្រវ័យក្មេងម្នាក់របស់ក្លិប Everton ពេលដើរចេញពីទីលាន Goodison Park កាលពីខែមេសា ឆ្នាំ២០២២។
យ៉ាងណាមិញ Ronaldo ត្រូវបានគេរំពឹងថានឹងអាចបង្ហាញខ្លួនលើកដំបូងទល់នឹង PSG ក្នុងជំនួបមិត្តភាព «ដំណើរទេសចរណ៍បែបប្រពៃណីក្នុងរដូវរងា – Traditional Winter Tour» ដែលជាការរៀបចំឡើងបញ្ចូលគ្នាដោយកីឡាករមកពីក្លិប Al Nassr និងក្លិប Al Hilal ក្នុងទីក្រុង Riyadh នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ។
ដូច្នេះ Lionel Messi សមាជិករបស់ Paris Saint-Germain ប៉ះគ្នាជាមួយ Cristiano Ronaldo សមាជិករបស់ក្រុមរួមបញ្ចូលគ្នារវាង Al Nassr និង Al Hilal ច្បាស់ជាកក្រើតនៅទឹកដីអារ៉ាប៊ីសាអូឌីត ជាក់ជាមិនខាន ហើយនេះក៏អាចជាការប៉ះគ្នាលើកចុងក្រោយផងដែរ។
Paris Saint-Germain will head to Qatar for the traditional Winter Tour plus a friendly in Riyadh 🔴🔵#PSGQatarTour2023 🇶🇦
— Paris Saint-Germain (@PSG_English) January 9, 2023
គួរដឹងថាក្លិប Al-Nassr ដែល Cristiano Ronaldo ចូលរួមគឺស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល។
សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងមួយឆ្នាំមាន៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី៕