ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់ពាក្យស្នើសុំដីកាសម្រេចរក្សាការពារ ហាមឃាត់មិនឱ្យលោក គង់ គាំ និងភរិយាឈ្មោះ សៀក អយ លក់ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច​ ដី និងអគារ ដែលរាជរដ្ឋាភិបាលអះអាងថាជាទ្រព្យសម្បត្តិរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីការបរទេសកាលពីថ្ងៃទី១១​ ខែមករា ឆ្នាំ២០២៣ និងត្រូវបានចែកផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

បើតាមលិខិតនោះ លោក គង់ គាំ ពិតជាមានបណ្ណកម្មសិទ្ធិលើដីដែលកើតមានភាពចម្រូងចម្រាស់ជាមួយរាជរដ្ឋាភិបាលនេះប្រាដកមែន ដ្បិតដីនោះ មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ១២០១០១០៥-១០១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដី រាជធានីភ្នំពេញ។ ប៉ុន្តែប្រមុខការទូតកម្ពុជា បានអះអាងថាដីនោះជាកម្មសិទ្ធិរបស់រដ្ឋដែលកាន់កាប់ដោយក្រសួងការបរទេស ហើយថាលោក គង់ គាំ បានចូលទៅរស់នៅលើដី និងផ្ទះនោះ។

ឯកឧត្តម ប្រាក់ សុខុន បានរាយការណ៍ប្រាប់សាលាដំបូងរាជធានីភ្នំពេញថា« តាមរយៈការស្រាវជ្រាវ ឃើញមានឯកសារ បញ្ជាក់ជាភស្តុតាង ថាក្នុងអំឡុងឆ្នាំ១៩៨៩ ខណៈខ្លួនកំពុងមានអំណាចជារដ្ឋមន្រ្តីនៅក្រសួងពិនិត្យ កូនបំណុល (លោក គង់ គាំ) បានឱ្យលោក នុច ថន អនុរដ្ឋមន្រ្តីក្រសួងត្រួតពិនិត្យ ជាមន្រ្តីក្រោមបង្គាប់របស់ខ្លួន ចុះហត្ថលេខាបញ្ជូនឯកសារស្នើសុំកម្មសិទ្ធិលើដីរបស់រដ្ឋដែលកូនបំណុលកំពុងស្នាក់នៅ»។ ភ្ជាប់នឹងការលើកឡើងខាងលើ រដ្ឋមន្រ្តីកាបររទេសក៏បានទាញយកមាត្រា១៨នៃច្បាប់ភូមិបាលឆ្នាំ២០០១ មកបញ្ជាក់បន្ថែមដែរ។

សូមបញ្ជាក់ថាដីលោក គង់ គាំ កំពុងកាន់កាប់នោះ មានទំហំជាងកន្លះហិកតា ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដីនោះធ្លាប់ត្រូវបានរដ្ឋការក្រោយសម័យខ្មែក្រហមផ្ដល់ឱ្យមន្រ្តីស្ថានទូតសហភាពសូវៀតស្នាក់នៅ និងប្រើប្រាស់ ប៉ុន្តែក្រោយមកក៏ត្រូវបានក្រសួងការបរទេសស្នើសុំមកវិញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហោ ណាំងហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងបទសម្ភាសន៍ជាមួយហ្វ្រេសញ៉ូ។

សម្ដេចតេជោ បានស្នើសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការចំពោះការបន្លំធ្វើបណ្ណកម្មសិទ្ធិលើដីនោះរបស់លោក គង់ គាំ។ លោក គង់ គាំ បានប្រឈមមុខនឹងគ្រោះបាត់ដីមានតម្លៃរាប់លានដុល្លារនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានប្រើវោហារសព្ទនិយាយបរិហារប្រវត្ថិគណបក្សប្រជាជនកម្ពុជា និងក្រោយមករងការព្រមានពីសម្ដេចតេជោ ហ៊ុន សែន។ គណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានដាក់ពាក្យប្ដឹងទាមទារជំងឺចិត្តពីលោក​ គង់ គាំ ដែលបានថ្លែងក្នុងវេទិកាគណបក្សភ្លើងទៀតនៅខេត្តត្បូងឃ្មុំបរិហារបក្សកាន់អំណាច៕

Share.