ក្រុមជីហាដរដ្ឋអ៉ីស្លាមបានអះអាងទទួលខុសត្រូវកាលពីថ្ងៃ ពុធ ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅក្រសួងការបរទេសក្នុងទីក្រុង កាប៊ុល ដែលមន្រ្តី និង សាក្សី បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និង ៤០នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មករា ឆ្នាំ ២០២៣។

ប៉ូលីសនិយាយថា ជនស៊ីវិលចំនួន ៥នាក់ត្រូវបានសម្លាប់ ប៉ុន្ដែមន្រ្តីតាលីបង់អះអាងថា ពេលនេះមនុស្សស្លាប់កើនដល់ជាង ២០នាក់ហើយ។

យ៉ាងណាម៉ិញ ទីភ្នាក់ងារមនុស្សធម៌អ៉ីតាលី Emergency NGO ក្នុងទីក្រុង កាប៊ុល បានឲ្យដឹងថា ខ្លួនទទួលបានអ្នករងរបួសជាង ៤០នាក់ ហើយចំនួនអ្នកស្លាប់កំពុងបន្ដកើនឡើង។

ក្រុមតាលីបង់បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោង ១៦:០០នាទីល្ងាច (ម៉ោងក្នុងស្រុក) នៅពេលអ្នកបំផ្ទុះគ្រាប់បែក ព្យាយាមចូលទីក្នុងអគារក្រសួងប៉ុន្ដែមិនអាចចូលទៅបាន ហើយតំបន់នៃការបំផ្ទុះគ្រាប់បែកនេះ គឺមានស្ថានទូតរបស់ប្រទេសជាច្រើនដូចជា តួកគី និង ចិនជាដើម។

ទាក់ទិននឹងបញ្ហានេះដែរ សាខាក្នុងតំបន់របស់ក្រុមរដ្ឋឥស្លាម ដែលត្រូវបានគេស្គាល់ថា រដ្ឋឥស្លាមខេត្ត Khorasan (Isis-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅក្នុងការបង្ហោះលើ Telegram៕

ប្រភព៖ NDTV

Share.