អតីតព្រះមហាក្សត្រនៃប្រទេស ក្រិក Constantine II បានសោយព្រះទីវង្គត់ក្នុងព្រះជន្ម ៨២ព្រះវស្សា នៅប្រទេសក្រិក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN Greece កាលពីថ្ងៃ អង្គារ ខណៈសារព័ត៌មាន CNN​ បានបង្ហោះផ្សាយលើគេហទំព័ររបស់ខ្លួននាល្ងាចថ្ងៃ ពុធ ទី ១១ ខែ មករា ឆ្នាំ ២០២៣។

យោងតាមសារព័ត៌មាន CNN Greece បានឲ្យដឹងថា អតីតព្រះមហាក្សត្រ Constantine II មានបញ្ហាសុខភាពធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែមុន ខណៈថ្មីៗនេះទ្រង់បានឆ្លងមេរោគកូរ៉ូណាជាលើកទី២ ដែលហាក់ដូចជាបានធ្វើឲ្យស្ថានភាពរបស់ព្រះអង្គកាន់តែអាក្រក់ទៅៗ។

ព្រះអង្គ Constantine II ប្រសូតនៅថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ១៩៤០ នៅ Psikhiko ជិតទីក្រុង Athens។ ព្រះអង្គជាបុត្រតែមួយអង្គគត់របស់សេ្ដច Paul និង ម្ចាស់ក្សត្រីយ៍ Frederica នៃប្រទេស ក្រិក ទ្រង់បានឡើងសោយរាជ្យកាលពីឆ្នាំ ១៩៦៤ ក្រោយការយាងចូលទីវង្គត់របស់ព្រះបិតា ប៉ុន្ដែសម័យកាលគ្រងរាជ្យរបស់ទ្រង់ គឺពោរពេញទៅដោយបញ្ហាអស្ថិរភាពនយោបាយ ដែលជាលទ្ធផលនៅទីបញ្ចប់ គឺការផ្ទុះឡើងនៃរដ្ឋប្រហារយោធា នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ១៩៦៧។

ប៉ុន្មានខែក្រោយមក ស្ដេច Constantine II ក៏ត្រូវបានបង្ខំឲ្យភៀសព្រះកាយចេញពីប្រទេស បន្ទាប់ពីដឹកនាំចលនាប្រឆាំងរដ្ឋប្រហារមិនទទួលបានជោគជ័យ និង បន្ដស្ថិតនៅក្នុងទីក្រុង រ៉ូម នៃប្រទេស អ៉ីតាលី រហូតដលើពេលរបបដឹកនាំយោធា រំលាយជារបបរាជានិយមចោលជាផ្លូវការនៅឆ្នាំ១៩៧៣។

របបរាជានិយមក្រិក ត្រូវបានលុបចោលនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ១៩៧៣ នៅពេលដែលរបបយោធាបានប្រកាសជាសាធារណៈថា ការសម្រេចចិត្តដែលត្រូវបានគាំទ្រដោយការបោះឆ្នោតប្រជាមតិជាបន្ដបន្ទាប់។

នៅក្នុងការបោះឆ្នោតប្រជាមតិដែលស្នើឡើងដោយរដ្ឋាភិបាលរួបរួមជាតិមួយក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី លោក Konstantions Karamanlis ក្រោយការដួលរលំនៃរបបសឹកនៅឆ្នាំ១៩៧៤ ប្រជាជនក្រិកបាននាំគ្នាបដិសេធរបបរាជានិយមជាលើកទី២ ខណៈប្រការនេះធ្វើឲ្យព្រះអង្គ Constantine II គឺជាស្ដេចចុងក្រោយបង្អស់របស់ប្រទេសក្រិក។

សូមជម្រាបថា រដ្ឋាភិបាលក្រិកបាននិយាយកាលពីថ្ងៃ ពុធ នេះថា ព្រះអង្គ Constantine II នឹងទទួលបានការបញ្ចុះជាលក្ខណៈឯកជនមួយនៅដំណាក់ក្រៅទីក្រុង Athens ដែលជាកម្មសិទ្ធរបស់រាជវង្ស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters៕

ប្រភព៖ CNN

Share.