ភ្នំពេញ ៖ ម៉ូតូស្កុបពីមួយគ្រឿងជិះដោយនារីវ័យក្មេងម្នាក់ សុីញ៉ូរៀបបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តកុងតឺន័រ បើកបុកពីក្រោយ បណ្តាលឲ្យជាប់ម៉ូតូនៅពីក្រោមអូសជិត២០ម៉ែត្រ សំណាងល្អជនរងគ្រោះខ្ទាតផ្លោងផុតពីមុខរថយន្ត គ្រាន់តែរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែត្រូវបានលោកនាយប៉ុស្តិ៍ចោមចៅទី៣ ឆ្លើយបដិសេធ ថាមិនមែនទឹកដីរបស់ចោមចៅទី៣ឡើយ ដោយទុករថយន្តនិងម៉ូតូនៅចោលកណ្តាលផ្លូវ អស់រយៈពេល១ម៉ោង ទើបមានវត្តមាននគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចុះទៅសម្រួលចរាចរណ៍ដដែល ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនកើតហេតុ ភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-6244 ជិះដោយនារីវ័យក្មេងម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ សុីញ៉ូបម្រុង បត់ឆ្វេងត្រឡប់ក្រោយ ស្រាប់តែភាគីខាងរថយន្ត ប្រភេទកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3F-5952 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-9280 បើកពីជើងទៅត្បូង ស្របទិសគ្នា ជ្រុលបុកពីក្រោយ បណ្តាលឲ្យជាប់ម៉ូតូនៅពីក្រោមអូសជិត២០ម៉ែត្រ ទើបរថយន្តឈប់ សំណាងល្អនារីរងគ្រោះ ខ្ទាតផ្លោងផុតពីមុខរថយន្ត គ្រាន់តែរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ នាំជូនទៅពេទ្យលាងរបួស ដោយឃើញរថយន្តនិងម៉ូតូនៅជាប់កណ្តាលផ្លូវ ខ្លាចប្រឈមកកស្ទះចរាចរណ៍ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ដែរដើម្បីឲ្យជួយចុះទៅសម្រួលចរាចរណ៍ តែត្រូវបានលោកនាយប៉ុស្តិ៍ឆ្លើយបដិសេធ ថាមិនមែនកើតហេតុនៅទឹកដីចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យឡើយ និងប្រាប់ថាកន្លែងកើតហេតុ ជាទឹកដីខណ្ឌកំបូលទៅវិញ ទុកចោលរថយន្តនិងម៉ូតូ កណ្តាលផ្លូវ អស់រយៈពេលជាង១ម៉ោង រហូតដល់វេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃដដែល ទើបឃើញវត្តមាននគរបាលចោមចៅទី៣ ចុះទៅសម្រួលចរាចរណ៍ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.