តុលាការជប៉ុនបាននិយាយថា បុរសដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo ត្រូវបានចោទប្រកាន់ជាផ្លូវការនាថ្ងៃ សុក្រ សប្ដាហ៍នេះ បន្ទាប់ពីបានត្រួតពិនិត្យបញ្ហាផ្លូវចិត្តអស់រយៈពេលជាយូរមកហើយ បានរកឃើញថាជនសង្ស័យអាចឡើងសវនាការ និង អាចទទួលបានការកាត់ក្ដីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ​ សុក្រ ទី ១៣ ខែ មករា ឆ្នាំ ២០២៣។

ជនសង្ស័យ Yamagami Tetsuya ត្រូវបានឃុំខ្លួនភ្លាមៗ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីជប៉ុនត្រូវបានខ្មាន់កាំភ្លើងរូបនេះបាញ់សម្លាប់ នៅពេលលោក Abe កំពុងថ្លែងសុន្ទរកថាយុទ្ធនាការស្វែងរកសំឡេងគាំទ្រឲ្យបេក្ខជននៃគណបក្សនយោបាយរបស់លោកសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នៅទីសាធារណៈក្នុងទីក្រុង Nara កាលពីខែ កក្កដា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានរាយការណ៍ថា ការិយាល័យព្រះរាជអាជ្ញានៃទីក្រុង Nara បានចោទប្រកាន់ លោក Yamagami មានអាយុ ៤២ឆ្នាំ ពីបទមនុស្សឃាត និង ការបំពានច្បាប់គ្រប់គ្រងអាវុធ ក្រោយពីបានវាយតម្លៃសុខភាពផ្លូវចិត្តអស់រយៈពេល ៦ខែ លើជនសង្ស័យបានបិទបញ្ចប់។

អ្នកនាំពាក្យតុលាការទីក្រុង Nara លោក Kenichiro Nomura បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ជនត្រូវចោទអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើត្រូវកាត់ទោសបែបនោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានរាយការណ៍ថា Yamagami បានសារភាពថា បានសម្លាប់លោក Abe ហើយរូបភាពដែលបានថតនៅកន្លែងកើតហេតុក៏បង្ហាញថា ជារូបរបស់ខ្លួនហើយបានកាន់កាំភ្លើងកែច្នៃ និង បាញ់លោក Abe ពិតប្រាកដមែន។

យោងតាមការអះអាងរបស់បណ្ដាញសារព័ត៌មានជប៉ុនបានឲ្យដឹងថា លោក Yamagami បានចងគំនុំគំគួននឹងអង្គការសាសនា Unification Church ដែលបានធ្វើឲ្យគ្រួសាររបស់លោកធ្លាក់ខ្លួន ក្រោមហេតុផលថាអង្គការសាសនាមួយនេះ បានបោកបញ្ឆោតម្ដាយរបស់លោកឲ្យបរិច្ចាគទ្រព្យសម្បតិ្តសរុបដល់ទៅខ្ទង់ ១០០លានយេន (ស្មើនឹងជិត ៧៥,០០០ដុល្លារអាមេរិក) ដែលអង្គការនោះមានទំនាក់ទំនងជាមួយនឹងអតីតនាយករដ្ឋមន្រ្តីជប៉ុន៕

ប្រភព៖ CNA

ចុចអាន៖ ឃាត.កបា.ញ់សម្លា.ប់លោក Abe សង្ឃឹមបានចូលរៀនវិញ ក្រោយពេលចេញពីគុក

Share.