ប្រិយមិត្រអ្នកគាំទ្រប្រាកដជាបានដឹងហើយថាដៃគូសម្ដែងភាពយន្តបែបកំប្លែងជាមួយស្ដេចកំប្លែងហុងកុង ចូវ ស៊ិងឈើ ហៅ ទិនហ្វី ដែលមានឈ្មោះពិតថា អ៊ូ ម៉ុងតាក់ បានទទួលអនិច្ចកម្មហើយកាលពីថ្ងៃសៅរ៍ទី27ខែកុម្ភ:ឆ្នាំ2021 ក្នុងអាយុត្រឹម 69ឆ្នាំដោយជំងឺមហារីកថ្លើម។ រយ:ពេល47ឆ្នាំប្រឡូកក្នុងពិភពសិល្ប:បុរសមានដើមមកពីខេត្តហ្វូជានរូបនេះបានបន្សល់ទុកនូវស្នាដៃសម្ដែងទាំងខ្សែរឿងភាគនិងរឿងមួយភាគចប់មិនក្រោម100 រឿងនោះទេ ដែលក្នុង នោះ ក្រុមការងារសិល្ប:កម្សាន្ត ត្រយង យើងខ្ញុំ សូមលើកយកសមិទ្ធិផលភាពយន្តដែលដក់ជាប់ក្នុងការចងចាំរបស់អ្នកទស្សនាជាអម:គ្មានថ្ងៃភ្លេចចំនួន7រឿងងដែលអូម៉ុងតាក់សម្ដែងរួមគ្នាជាមួយនឹងទិនហ្វី។

រឿងទី១ មហាថ្លឹកសំបូរស្នេហ៍ ឬ Royal Tramp ៖ ភាពយន្តដែលផលិតចេញពីប្រលោមលោកដ៏ល្បីរបស់លោក លូអីស ឆា ឬមាននាមបាកាថាជីនយ៉ុង មានចំណងជើងថា មហាថ្លឹកសំបូរស្នេហ៍។ រឿងនេះនិយាយអំពី វៃ សៀវប៉ាវ បានជួយជីវិតមេបក្សមេឃដី ចាន់ខានណាំ ហើយក៏សុំមេបកក្សធ្វើជាគ្រូបន្ទាន់មកទទួលបេសកកម្មត្រូវបន្លំខ្លួនចូលក្នុងរាជវាំងដើម្បីលួចវត្ថុអាថ៌កំបាំងពីបរមរាជវាំងហើយបានទទួលការជួយពី លោកមហាអាមាត្រ ហៃ តាហ្វូដែលសម្ដែងដោយ អ៊ូ ម៉ុងតាក់ រឿងបុរាណចិនបែបកំប្លែងនេះគឺជាភាពយន្តមួយក្នុងចំណោមភាពយន្តទាំង5 របស់ហុងកុងដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ1992 សម្ដែងដោយ ស្ទេហ្វិន ឆូវ សាឡា ឆឹង និង អ៊ូ ម៉ុងតាក់ ។
រឿងទី២ កំពូលអ្នកសុំទាន ៖ កំពូលអ្នកសុំទានគឺជារឿងកំប្លែងបែបក្បាច់គុន រឿងនេះគឺជារឿងមួយដែលទិនហ្វី សាឡា ឆឹង និង អ៊ូម៉ុងតាក់វិលមកសម្ដែងរួមគ្នាម្ដងទៀត បន្ទាប់ពីរឿងមហាថ្លឹកសំបូរស្នេហ៍។ រឿងនេះនិយាយពីប្រវត្តិរបស់ព្រឹទ្ធាចារ្យមេបក្សស្មូមស៊ូហាអ៊ឺឆាន នៅក្នុងចុងសម័យរាជការឆេង ម្ចាស់រហស្សនាមខ្លាមួយក្នុងចំណោមខ្លាទាំង10នៅក្នុងតំបន់។រឿងនេះនិយាយពីតួអង្គស៊ូហាអ៊ឺឆានកូនប្រុសខូចក្នុងគ្រួសារមេទ័ពចាប់បានថាប្រើល្បិចដើម្បីអាចចូលរួមប្រលងនៅចំពោះមុខព្រះរាជាក្នុងការប្រកួតក្បាច់គុនធ្វើឲ្យគ្រួសារគេត្រូវដកហូតទ្រព្យសម្បត្តិនិងពិន័យឲ្យធ្វើជាអ្នកសុំទានអស់មួយជីវិត។ ក្រោយមកស៊ូហាអ៊ឺឆានបានត្រូវជ្រើសរើសឲ្យក្លាយជាមេបក្សស្មូម្យគេត្រូវពុះពារឧបសគ្គជាច្រើនដើម្បីជួយជីវិតនារីដែលគេស្រលាញ់។ រឿងនេះទិនហ្វីសម្ដែងជាតួកូនខូច ចំណែកអ៊ូម៉ុងតាក់សម្ដែងជាតួឪពុក
រឿងទី៣ ស្ដេចកំប្លែងវគ្គII ៖ ព្រោះតែរឿងស្ដេចល្បែងវគ្គមួយមានការពេញនិយមនិងគាំទ្រយ៉ាងច្រើនផលិតករក៏បានផលិតរឿងស្ដេចល្បែងវគ្គទី02 ដែលក្នុងនោះលីវ តឺហួរសម្ដែងជាតួអង្គដែលត្រូវគេឲ្យរហស្សនាមឲ្យថា អ្នកក្លាហានកំពូលល្បែង ទិនហ្វី សម្ដែងជាតួអង្គទេវតាល្បែង ចំណែក អ៊ូ ម៉ុងតាក់ រឿងនេះជាសម្ដែងជាពូរបស់ទិនហ្វីវិញម្ដង។ ទិនហ្វីទោះជាគេមានវិជ្ជាពិសេសពិតមែនតែគេរស់នៅជីវភាពក្រីក្រ ដោយសារតែគេមិនអាចប្រើលុយដែលបានឈ្នះពីវិជ្ជាចំលែកបាននោះទេ លើកណាដែលគេប្រើលើកនោះតែងតែនាំគ្រោះថ្នាក់ដល់ខ្លួនជានិច្ច។ គេបានទៅអង្វរទេវតាល្បែងឲ្យទទួលយកគេជាកូនសិស្សតាមការទទូចសុំពីពូរបស់គេ។ ថ្ងៃមួយមានមនុស្សបន្លំខ្លួនប្រើឈ្មោះអ្នកក្លាហានកំពូលល្បែងអកឡុកពិភពល្បែង ដូច្នេះអ្នកក្លាហានពិតនិងទេវតាល្បែងត្រូវតែរួមដៃគ្នាដើម្បីបំបាក់អ្នកបន្លំខ្លួន។
រឿងទី៤ ទេវតាល្បែងវគ្គទីIII ៖ ត្រលប់ទៅស៊ាងហៃ គឺជារឿងតពី រឿងស្ដេចល្បែងវគ្គ02 ដែលរឿងនេះគឺជារឿងធ្វើដំណើរវិលទៅរកអតីតកាលក្នុងក្រុងស៊ាងហៃ កាលពីឆ្នាំ1937 ។ ដំណើរដើមទងនៃសាច់រឿង តួអង្គ ទិនហ្វីបានឆ្លងពេលវេលាត្រលប់ទៅកាន់ក្រុងស៊ាងហៃពីអតីតកាលហើយគេព្យាយាមរកគ្រប់វិធីសាស្ត្រដើម្បីត្រលប់ទៅកាន់ក្រុងហុងកុងនាពេលបច្ចុប្បន្នក្នុងឆ្នាំ1991វិញ។ រឿងនេះ ព្រឹទ្ធាចារ្យ អ៊ូ ម៉ុងតាក់សម្ដែងជាពីរតួអង្គគម្នាក់ជាពូរបស់ទិនហ្វីនាសម័យបច្ចុប្បន្ន និង ម្នាក់ទៀតជាជីតារបស់ទិនហ្វីក្នុងសម័យអតីតកាល។ ជារួមរឿងនេះក្ដោមសាច់រឿងលើការប្រកួតលេងបៀរដ៏ធំរវាងតួអង្គទិនហ្វីនិងស្ដេចល្បែងបារាំងដើម្បីកំណត់ជោគវាសនាអនាគតរបស់ទីក្រុងស៊ាងហៃ។
រឿងទី៥ ថាំងចេងចម្លងធម៌ស្ដេចស្វាទិនហ្វី ៖ ភាពយន្តខ្នាតធំដែលថតយកលំនាំតាមប្រលោមលោកដ៏ល្បីល្បាញនាសតវត្សរ៍ទី16 របស់កវីនិងជាអ្នកនិពន្ធ ដ៏ល្បីល្បាញក្នុងរជ្ជកាលមីងព្រឹទ្ធាចារ្យ វ៉ូ ឆឹង មានចំណងជើងថាទៅចម្លងធម៌នៅទិសខាងលិច។ ភាពយន្តកំប្លែងហុងកុងបែបអភិនិហារនេះគឺមានចែកចេញជាពីរវគ្គដោយមានតួអង្គសំខាន់ៗដូចជា ទិនហ្វី អាថែនណា ឈូ (Athena Chu) និងអ៊ូម៉ុងតាក់។ វគ្គទីមួយនេះ ទិនហ្វីសម្ដែងជាតួស្ដេចស្វា ស៊ុនអ៊ូខុងចំណែកអ៊ូម៉ុងតាក់សម្ដែងជាតួអង្គជ្រូកប៉ាជេអ្នកទាំងពីរត្រូវបានទម្លាក់ឲ្យមកចាប់ជាតិនៅឋានមនុស្សដោយសារតែស្ដេចស្វាព្យាយាមលួចថ្នាំទេពដើម្បីបានក្លាយខ្លួនជាទេវតា។ បន្តចូលមកដល់វគ្គទីពីរគឺជាការផ្សងព្រេងរបស់តួអង្គទាំងពីរដែលកើតជាមនុស្សបានព្យាយាមធ្វើយ៉ាងណាអាចបំពេញបេសកម្មដើម្បីកែប្រែជោគវាសនារបស់ខ្លួនបាន!
រឿងទី៦ ក្បាច់គុណបិសាចពិឃាតទិនហ្វី ៖ គឺជាភាពយន្តស្នេហាបែបកំប្លែងនាឆ្នាំ១៩៩៤ ដឹកនាំនិងសម្ដែងដោយទិនហ្វីរួមសហការដឹកនាំដោយ Lee Lik Chi រឿងនេះមិនខុសពីរឿងមុនៗឡើយមានវត្តមាន ទិនហ្វី មិនអាចខ្វះតារាសម្ដែងគូបុណ្យនាំឲ្យមានល្បីល្បាញដូចជាលោកតាអ៊ូម៉ុងតាក់នោះទេ ចំណែកតួស្រីគឺតារាស្រីរូបស្អាត Christy Chung (គ្រីស្ទីជុង)។ រឿងនេះទិនហ្វីត្រូវស្វែងរកគ្រូបង្ហាត់ក្បាច់គុនដើម្បីបង្ហាញពីភាពខ្លាំងដើម្បីទាញបានបេះដូងនារីដែលខ្លយនស្រលាញ់ដូច្នេះគេបានទៅសុំរៀនក្បាច់កុងហ្វូពីតួអង្គដែលសម្ដែងដោយអ៊ូម៉ុងតាក់ដើម្បីគាត់អាចយកក្បាច់គុននោះទៅប្រកួតជាមួយគេបាន។ប៉ុន្តែលោកគ្រូដែលអ៊ូម៉ុងតាក់សម្ដែងគឺជាមនុស្សបោកប្រាស់ដែលប្រើប្រាស់ចំណុចខ្សោចរប់ទិនហ្វីដើម្បីបោកប្រាស់យកប្រាក់គេហើយបង្ហាត់ក្បាច់គុនឥតបានការដល់ទិនហ្វីដែលមិនអាចប្រើប្រាស់បានទៅវិញ
រឿងទី៧ The Wandering Earth (ស្នាដៃរឿងចុងក្រោយរបស់អ៊ូម៉ុងតាក់)៖ ភាពយន្តបែបវិទ្យាសាស្ត្រចាក់បញ្ចាំងនៅឆ្នាំ២០១៩ដែលជារឿងថតតាមភាពយន្តប្រលោមលោកចេញពីឆ្នាំ២០០០ដោយលោក Liu Cixin លាវ ស៊ីស៊ីន រឿងចុងក្រោយនេះមិនមានវត្តមានរបស់ទិនហ្វីនោះទេតែមានតួសម្ដែងធំៗដូចជា Qu Chuxiao, Li Guangjie។ សាច់រឿងនេះនិយាយដល់រឿងរ៉ាវអនាគតដែលបង្ហាញពីអ្នកអវកាសមួយបានដឹកនាំផែនដីឲ្យចេញពីប្រព័ន្ធព្រះអាទិត្យដើម្បីបង្វែរការបុកជាមួយនឹងផ្កាយជូពីទ័រ។ វាសនារបស់ផែនដីត្រូវពឹងទៅលើបាតដៃមនុស្សប៉ុន្មាននាក់នោះ៕