បុរសញៀនថ្នាំម្នាក់ បានគំរាមកំហែងសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិ អ្នកជិតខាង ដែលបានកើតឡើងនៅចំណុច នៅចំណុចក្នុងបុរីពិភពថ្មី3 នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ កាលពីថ្ងៃទី២០ ខែមិថុនា ២០២១។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលសារព័ត៌មានត្រយង ទើបទទួលបាននៅថ្ងៃទី២២ ខែមិថុនានេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ស៊ន ឆៃលីម ភេទប្រុស​អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល។ ឯជនសង្ស័យ ឈ្មោះ លី ពិទូ ភេទប្រុស​កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ វេលាម៉ោង០៦ និង៣០នាទីព្រឹក ពេលជនរងគ្រោះក្រោកពីគេង ស្រាបតែឃើញជនសង្ស័យឈរនៅមុខផ្ទះហើយបានស្រែកជេរប្រមាថលើគ្រួសារជនរងគ្រោះ បន្ទាប់ពីជេរហើយជនសង្ស័យក៏ចូលក្នុងផ្ទះវិញ។ រហូតដល់ម៉ោង១៤ និង២០នាទី ជនសង្ស័យបានចេញពីក្នុងផ្ទះមកហើយបានស្រែកជេរប្រមាថ និងយកកែវចំនួន០១គុបចូលផ្ទះជនរងគ្រោះហើយក៏ចូលក្នុងផ្ទះវិញបាត់ទៀត។ 

សមត្ថកិច្ចបានរៀបរាប់ទៀតថា រហូតដល់វេលាម៉ោងកើតហេតុ ពេលជនរងគ្រោះនឹងក្រុមគ្រួសារកំពុងហូបបាយខាងមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យមានកាន់ដាវមួយដើម បានដើរសំដៅទៅផ្ទះជនរងគ្រោះ ដោយគ្រួសារជនរងគ្រោះឃើញសភាពបែបនោះបាននាំគ្នារត់ចូលក្នុងផ្ទះហើយចាក់សោទ្វារ ។ ពេលនោះជនសង្ស័យ បានស្រែកថា អញ្ញ និងកាប់ពួកឯងឲ្យងាប់ បន្ទាប់មកជនសង្ស័យបានយកដាវកាប់តុ និងចាន និងកាប់កញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះចំនួន០១ផ្ទាំង ទើបជនរងគ្រោះបានទូរសព្ទរាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះតាមរយៈទូរសព្ទដៃ ហើយកម្លាំងសមត្ថកិច្ចជំនាញស្រុក និងកម្លាំងប៉ុស្ដិ៍បែកចាន បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបាន។

ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់សារធាតុញៀនច្រើនលើសកម្រិត ទើបមានអារម្មណ៍វិលវល់ ហើយបានយកដាវទៅដេញកាប់ និងស្រែកគំរាមថាសម្លាប់លើគ្រួសារជនរងគ្រោះ។ ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕ 

Share.