ប៉ូលីសថៃបានចោទប្រកាន់ក្រុមមន្រ្តីរបស់ខ្លួន ១៥នាក់ ពីបទពុករលួយកាលពីថ្ងៃ ច័ន្ទ សប្ដាហ៍នេះ បន្ទាប់ពីជនសង្ស័យជាជនជាតិចិន ២នាក់ បានរត់គេចខ្លួន កំលុងប្រតិបត្តិការឆ្មក់បង្រ្កាបដែលធ្វើឡើងនៅទីតាំងផលិតលិខិតឆ្លងដែនក្លែងក្លាយមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Online Citizen នាថ្ងៃ អង្គារ ទី ១៧ ខែ មករា ឆ្នាំ ២០២៣។

សារព័ត៌មាន AFP បានរាយការណ៍ថា ករណីនេះកើតឡើងនៅពេលដែលការព្រួយបារម្ភនៅក្នុងប្រទេសថៃ កើនឡើងលើអ្វីដែលគេហៅថា «អាជីវកម្មពណ៌ប្រផេះ» ដែលជាប្រតិបត្តិការខុសច្បាប់ ដែលគ្រប់គ្រងដោយជនជាតិចិន។

នៅដើមខែ ធ្នូ ឆ្នាំ ២០២២ ប៉ូលីសថៃបានឆ្មក់ចូលអតីតស្ថានកុងស៊ុលនៃប្រទេសដែនកោះ Nuru ស្ថិតនៅសង្កាត់ Sathon ក្នុងទីក្រុង បាងកក ក្រោយមានការអះអាងថា មានក្រុមជនជាតិចិននាំគ្នាទៅជ្រកកោននៅទីនោះ។

អគ្គស្នងការរងប៉ូលីសថៃ លោក Surachet Hakpal បាននិយាយថា ប៉ូលីសបានរកឃើញបុរសជនជាតិចិន ២នាក់ ដែលសុទ្ធតែជាមុខសញ្ញាតាមចាប់ខ្លួនរបស់ទីក្រុង ប៉េកាំង កំពុងតែផលិតលិខិតឆ្លងដែនក្លែងក្លាយឲ្យជនជាតិចិនដទៃទៀត។ ប៉ុន្ដែជនសង្ស័យទាំង២នាក់ បានរត់គេចខ្លួនបានសម្រេច ដោយលោកបានប្រាប់អ្នកយកព័ត៌មានថា ក្រុមជនសង្ស័យបានសមគំនិតរវាងមន្រ្តី ៥នាក់ មកពីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) រួមជាមួយនឹងមន្រ្តីប៉ូលីស ៩នាក់ និង មន្រ្តីយោធាម្នាក់។

លោក Surachet បាននិយាយថា ក្រុមមន្រ្តីថៃ ១៥នាក់ ជាមួយអ្នកបកប្រែម្នាក់ បានទាមទារសំណូកចំនួន ១០លានបាត (២៤៥,០០០ដុល្លារអាមេរិក) ពីជនសង្ស័យជាថ្នូរនឹងការជួយដោះលែងពួកគេ។

លោកបន្ដថា គម្រោងនេះបានបែកធ្លាយនៅពេលអ្នកបកប្រែបានផ្ដល់ចម្លើយសារភាព ក្រោយរូបគេត្រូវបានឃាត់ខ្លួននៅពេលព្យាយាមរត់ទៅប្រទេស ម៉ាឡេស៊ី ខណៈឌីសផ្ទុកទន្និន័យ (Hard Disk) នៃភស្ដុតាងដើមក៏ត្រូវបានរកឃើញផងដែរ។

របាយការណ៍ផ្លូវការមួយបាននិយាយថា ប្រាក់ប្រហែល ២.៥លានបាត ត្រូវបានរឹបអូសក្នុងអំឡុងប្រតិបត្តិការវាយឆ្មក់ ប៉ុន្ដែវីដេអូភស្ដុតាងដើមនៅលើឌីសផ្ទុកទន្និន័យ រួមជាមួយនឹងការអះអាងរបស់អ្នកបកប្រែបានបង្ហាញថា តាមពិតថវិកាដល់ទៅខ្ទង់ ៨លានបាត ត្រូវបានរកឃើញនាពេលនោះ។ ប៉ុន្ដែលោក Surachet បានប្រាប់សន្នសីទសារព័ត៌មានថា «ក្រុមមន្រ្តីថៃ បានប្រាប់ជនជាតិចិនថា វាមិនគ្រប់គ្រាន់ទេ ហើយបានសុំប្រាក់ចំនួន ៤លានបាតបន្ថែមទៀត»។

ក្រុមជនសង្ស័យទាំង ១៦នាក់ ត្រូវបានចោទប្រកាន់ពីបទពុករលួយ ឬ បទទាមទារសំណូក ​ហើយមន្រ្តីប៉ូលីស និង មន្រ្តីយោធាសរុបទាំង ១៥នាក់ លើកលែងតែអ្នកបកប្រែ ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច ខណៈមន្រ្តីយោធារងការចោទប្រកាន់បន្ថែមពីបទប៉ុនប៉ងបំផ្លាញភស្ដុតាង បន្ទាប់ពីឌីសផ្ទុកទន្និន័យនេះ ត្រូវបានរកឃើញនៅផ្ទះរបស់ខ្លួន៕

ប្រភព៖ The Online Citizen

Share.