កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃស្រ្តីម្នាក់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទីនៅចំណុចផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទាំង ០២នាក់ ទី១.ឈ្មោះ ថុល ទូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជាអ្នកបេីកម៉ូតូ។ ទី២.ឈ្មោះ ហាវ ហ៊ង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ជាអ្នកឆក់កាបូបពីជនរងគ្រោះ​។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចដកហូត វត្ថុតាម រួមមាន៖ ១.ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ឡើងតែមឆ្នាំ២០១៩ ផ្លាកលេខភ្នំពេញ 1GC-9035 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់កាបូប។ ២. កាបូបយួរដៃ ពណ៌ប្រផេះ ០១។ ៣.ប្រាក់រៀល ចំនួន៧៥,០០០រៀល។ ៤.ទូរសព្ទដៃ  អិន ចុចពិល ពណ៌ស ០១គ្រឿង ជារបស់ជនរងគ្រោះរកឃើញវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការរោងចក្រដើម្បីត្រឡប់មកផ្ទះដោយព្យួរកាបូបនៅជាប់ដៃម៉ូតូ ស្រាប់តែពេលនោះជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូធ្វេីសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះគាត់បានស្រែកថាចោរឆក់ៗកាបូបខណៈពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋនៅជិតនោះ បានជិះម៉ូតូដេញតាមពីក្រោយរួចក៏បានធ្វេីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នោះបានរួមទាំងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាល យកមកធ្វើការសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.